មេធំ Toyota ថា អ្នកជំនាញគ្រឿងម៉ាស៊ីនឡានជប៉ុនប្រឈមដើរទាត់ខ្យល់

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសជប៉ុន បានព្រមានថា ការផ្លាស់ប្តូរទៅរក «អនាគតដែលមានតែរថយន្តអគ្គិសនី» ឬ EV នឹងធ្វើឱ្យបាត់បង់ការងារមនុស្សរាប់សែននាក់ ដែលជាអ្នកជំនាញខ្លាំង និងយូរអង្វែង លើឧស្សាហកម្មផលិតឡានប្រើម៉ាស៊ីន។

លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor បាននិយាយថា «មនុស្សចំនួន ៥លាន៥សែននាក់បានចូលរួម ក្នុងឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសជប៉ុន..ក្នុងចំណោមពួកគេ គឺជាអ្នកដែលធ្វើការ ទាក់ទងនឹងគ្រឿងម៉ាស៊ីនឡាន អស់រយៈពេលជាយូរមកហើយ ដូច្នេះ ប្រសិនបើរថយន្តអគ្គិសនីក្លាយជាជម្រើសតែមួយគត់ ការងាររបស់មនុស្សទាំងនោះ នឹងត្រូវបាត់បង់»។

គួររម្លឹកថា កាលពីខែមករា លោក Toyoda ធ្លាប់បានអះអាងថា រថយន្ត EVs នឹងមានចំណែកច្រើនបំផុត ពោលគឺគ្របដណ្តប់ ៣០ ភាគរយនៃទីផ្សាររថយន្តពិភពលោក ដោយមានទាំង រថយន្តកូនកាត់, រថយន្តប្រេងឥន្ធនៈអ៊ីដ្រូសែន ព្រមទាំង ប្រភេទផ្សេងៗទៀត ប៉ុន្តែ លោកមិនបានបញ្ជាក់ អំពីពេលវេលាជាក់លាក់ ថាតើឡានអគ្គិសនី នឹងគ្រប់ដណ្តប់កម្រិតបែបនេះ ក្នុងឆ្នាំណានោះទេ។

គួរកត់សម្គាល់ថា Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក កំពុងប្រុងប្រយ័ត្នខ្ពស់ ក្នុងវិធីសាស្រ្តរបស់ខ្លួន ទប់ទល់នឹងរថយន្ត EV ជាងក្រុមហ៊ុនផលិតផ្សេងៗទៀត។

ខណៈដែលការលក់រថយន្ត EV សកលស្ថិតក្នុងកម្រិតយឺត នៅឡើយ ក្រុមហ៊ុន Toyota ក៏ទទួលបានផលចំណេញ ពីតម្រូវការសម្រាប់រថយន្តកូនកាត់ ដូចជា ឡាន Prius Hybrid ជាដើម ដែលកំពុងពង្រីករបស់ខ្លួនលើពិភពលោក រួមទាំងទីផ្សារកំពូល នៅសហរដ្ឋអាមេរិក៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner