សិង្ហបុរីជាប់ជាទីក្រុងទេសចរណ៍ផាសុខភាព ល្អដាច់គេក្នុងលោក
បរទេស៖ ការស្ទង់មតិប្រចាំឆ្នាំ របស់ទស្សនាវដ្ដីអាមេរិក Condé Nast Traveler នាពេលថ្មីៗនេះ បានចាត់ចំណាក់ថ្នាក់ ទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី ឲ្យជាប់ឈ្មោះជាទីក្រុងទេសចរណ៍មានផាសុខភាព, រួសរាយរាក់ទាក់ និងរីករាយបំផុតលើពិភពលោក ឬ The Friendliest City ខណៈដែលអ្នកទេសចរយល់ឃើញថា ប្រទេសជាកោះ ដែលល្បីល្បាញលើរឿងនេះ ដោយសារច្បាប់តឹងរឹង និងអត្រាឧក្រិដ្ឋកម្មទាប។
ទស្សនាវដ្ដីបានសរសេរថា «សិង្ហបុរីតែងតែមានកេរ្ដិ៍ឈ្មោះល្អ ប្លែកពីគេ»។ ទីក្រុងមួយនេះ ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ, ផ្លូវដ៏ស្អាត, សន្តិសុខដ៏ល្អ ដែលមិនអាចប្រៀបផ្ទឹមបាន ហើយឥឡូវនេះ បានផ្តល់ជូននូវបដិសណ្ឋារកិច្ច លំដាប់កំពូល»។
លើសពីផ្លូវស្អាត និងប្រព័ន្ធដឹកជញ្ជូនដ៏ទំនើបរបស់ខ្លួន សិង្ហបុរីមានសុវត្ថិភាពពិសេស សម្រាប់អ្នកទេសចរ ដោយមាន «កាមេរ៉ាឃ្លាំមើល» ត្រូវបានដាក់យ៉ាងច្រើន នៅតាមទីប្រជុំជន និងការល្បាតរបស់ប៉ូលីស ជាញឹកញាប់ នៅកន្លែងទេសចរណ៍ ពេញនិយម។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាង១៣លាន៦សែននាក់ បានទៅលេងកម្សាន្ត នៅក្នុងប្រទេសសិង្ហបុរី។ មុនពេលកូវីដ១៩ ពោលគឺនៅឆ្នាំ២០១៩ មានរហូតដល់ ១៥លាន១សែននាក់ នេះបើតាមរបាយការណ៍ Singapore Tourism Statistics។
ជាមួយគ្នានេះ ទីក្រុង ស៊ីដនី របស់អូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ២ ខណៈដែលទីក្រុង Las Vegas នៅសហរដ្ឋអាមេរិក ជាប់លេខ៣ ហើយទីក្រុងបាងកករបស់ប្រទេសថៃ ជាប់លេខ៤។
ចំណាត់ថ្នាក់កំពូលទាំង១០ ក៏មានទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង, ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន, ទីក្រុង Marrakech នៃប្រទេសម៉ារ៉ុក, ទីក្រុង ហុងកុង និងទីក្រុង ចំនួនពីរទៀត នៅអាមេរិក គឺ Chicago និង ទីក្រុង New York។
អ្នកអាន Condé Nast Traveler ច្រើនជាង៥៧៥,០០០ នាក់បានចូលរួម ក្នុងការស្ទង់មតិនេះ ដោយចែករំលែកមតិរបស់ពួកគេ លើបទពិសោធន៍ ធ្វើដំណើរផ្សេងៗ រួមទាំងនៅក្នុងទីក្រុង, កោះ, សណ្ឋាគារ, រមណីយដ្ឋាន, នាវាកម្សាន្ត, ស្ប៉ា និងផ្នែកអាកាសចរណ៍ ទៀតផង។
ពានរង្វាន់ Condé Nast Traveler ឬ «ពានរង្វាន់ជម្រើសអ្នកអាន» ដំណើរការយូរបំផុត ក្នុងឧស្សាហកម្មទេសចរណ៍ ដែលតែងលើកទឹកចិត្ត និងអបអរសាទរ ចំពោះភាពល្អឥតខ្ចោះ លើសណ្ឋាគារ, រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាផ្សេងទៀត នៅជុំវិញពិភពលោក៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
