តុលាការកំណត់ថ្ងៃកាត់ទោសតារាល្បី P.Diddy បំពានផ្លូវភេទ ១ទសវត្សរ៍
អាមេរិក៖ ចៅក្រមសហព័ន្ធ របស់អាមេរិក លោក Arun Subramanian បាននិយាយអំឡុងសវនាការ កាលពីថ្ងៃព្រហស្បតិ៍ថា មហាសេដ្ឋីតន្ត្រី Sean Combs ឬ P.Diddy នឹងត្រូវកាត់ទោសពីបទរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
ក្រុមមេធាវីបាននិយាយថា មនុស្សជាង១០០នាក់ ដែលបានចោទ Combs ថា បានវាយដំ, កេងប្រវ័ញ្ចផ្លូវភេទ ដោយមានទាំងកុមារផងនោះ កំពុងរៀបចំផែនការសកម្មភាពផ្លូវច្បាប់ បន្ថែមទៀត។ P.Diddy នៅតែស្ថិតក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ កាលពីខែមុន លើបទល្មើសធំៗ រួមមាន រំលោភបំពានផ្លូវភេទស្ត្រី និងបង្ខិតបង្ខំគេឱ្យចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដោយប្រើប្រាស់គ្រឿងញៀន គំរាមកំហែង និងអំពើហិង្សា ជាងមួយទសវត្សរ៍។ Combs ត្រូវបានបដិសេធ មិនឱ្យនៅក្រៅឃុំ ចំនួនពីរដង។ តែ លោកអះអាងថា មិនមានកំហុសចំពោះការចោទប្រកាន់ទាំងអស់។ តុលាការកំពុងរកភស្តុតាងបន្ថែម ដូចជា ការរកឃើញឧបករណ៍អេឡិចត្រូនិក ជិត១០០ឆុត និងសម្ភារៈផ្សេងៗទៀត នៅក្នុងផ្ទះរបស់ P.Diddy។
ម្ចាស់ជ័យលាភីពានរង្វាន់តន្ត្រី Grammy រូបនេះ ត្រូវបានចោទថា បានប្រើឋានៈល្បីល្បាញរបស់ខ្លួន ដើម្បីធ្វើរឿងទាំងអស់នេះ។ តារាវ័យ៥៤ឆ្នាំរូបនេះ ត្រូវបានគេដឹងថា មានទ្រព្យសរុប ចន្លោះពី ៦០០លានដុល្លារ ដល់ ១ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៤ នេះបើតាមកាសែត Yahoo។ ប្រភពបានបន្តថា ទ្រព្យសម្បត្តិទាំងនេះបានពីការងារនៅក្នុងឧស្សាហកម្មតន្ត្រី អាជីវកម្មគ្រឿងស្រវឹង កញ្ឆា និងការសម្ដែង។ Combs មានភាពល្បីល្បាញបំផុត ក្នុងនាមជាអ្នករ៉េប ផលិតករ និងជាសហគ្រិន។ លោកគឺជាស្ថាបនិកនៃ Bad Boy Records ដែលបានចាប់ផ្តើមអាជីពរបស់សិល្បករល្បី ដូចជា The Notorious B.I.G. និង Faith Evans ។ លោកត្រូវបានគេស្គាល់ផងដែរ លើម៉ាកសម្លៀកបំពាក់ Sean John និងការបណ្តាក់ទុនជោគជ័យ នៅក្នុងគ្រឿងស្រវឹង រួមទាំង Ciroc vodka៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

