នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជាចំនួន ១៧៤គម្រោង តម្លៃជាង ៣៦ប៊ីលានដុល្លារ ដល់ធុរជនអន្តរជា​តិ

(ឡាវ)៖ នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញផែនការអភិវឌ្ឍន៍ប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោ​បាយ និងភស្តុភារកម្មកម្ពុជា ចំនួន ១៧៤គម្រោង តម្លៃជាង ៣៦ប៊ីលានដុល្លារ ដល់​ធុរជន​អន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន អន្តរជាតិបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះ​ទៅកាន់​បណ្តាធុរជនអន្តរជាតិ ក្នុងកម្មវិធីអាហារ ពេលព្រឹក ស្វែងរកដៃគូ នៃកិច្ចប្រជុំ​កំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផែនការនេះ បានបង្ហាញ ពីកាលានុវត្តភាពដ៏ពិសេស និងគ្មានដែនកំណត់ សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេស ការពិចារណា ទៅលើការអភិវឌ្ឍតាមយន្តការភាពជាដៃគូរ រវាងរដ្ឋ និងឯកជន (PPP) ។

សម្តេចធិបតី មានប្រសាសន៍ផងដែរថា កម្ពុជា តែងតែប្រកាន់ភ្ជាប់ជានិច្ច នូវអភិ​ក្រម​ធុរកិច្ច ដែលមិនមានការរើសអើង និងឈរលើមូលដ្ឋាន អ្នកមកមុន បានមុន ដោយ​មិន​គិតពីប្រភពដើមនៃការវិនិយោគនោះឡើយ ដរាបណា ពួកគេមានឆន្ទៈពិតប្រាកដ ក្នុងការកសារទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអាចគាំទ្រ​ដល់ការរីកចម្រើន និងការអភិវឌ្ឍដោយចីរភាព។

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ បានឱ្យដឹងថា ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់ តែប្រសើរឡើងនូវវិសាលភាព គ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន, (២) ធ្វើឱ្យប្រសើរ​ឡើងនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រ គោលនយោបាយ​អភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទិក។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មាន​ចំនួន៩៤ គម្រោងផ្លូវ ដែកមានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីក មានចំនួន១៥ និងគម្រោងបន្ថែមផ្សេងៗមានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយ ដឹកជញ្ជូនមួយទៅ​មធ្យោ​បាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈ​ពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។

តាមការប៉ាន់ស្មានគម្រោងទាំងនេះ តម្រូវការហិរញ្ញប្បទាន សរុបប្រមាណ ៣៦ ៦៧៩លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២៦លានដុល្លារអាម៉េរិក ស្មើនឹង ៣,៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner