សត្វព្រៃពិភពលោកធ្លាក់ចុះ ៧៣ភាគរយ ក្នុងពេល ៥០ឆ្នាំចុងក្រោយ

បរទេស៖ យោងតាមរបាយការណ៍វិទ្យាសាស្រ្តបែបវិភាគ The Living Planet Report បង្ហាញថា ចំនួនសត្វព្រៃទូទាំងពិភពលោក បានធ្លាក់ចុះជាមធ្យម ៧៣ភាគរយ ក្នុងរយៈពេល ៥០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

របាយការណ៍នេះរកឃើញថា មូលហេតុចម្បងនាំឱ្យចំនួនសត្វព្រៃទូទាំងពិភពលោកធ្លាក់ចុះ គឺដោយសារការបាត់បង់ជម្រក ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះសត្វព្រៃ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងការបំពុល។

អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ក៏បានចាត់ទុកសកម្មភាពរបស់មនុស្ស ក៏មូលហេតុនាំឲ្យកើតមានមហន្តរាយបាត់បង់សត្វព្រៃដ៏គួរឲ្យព្រួយបារម្ភផងដែរ។

ការបាត់បង់សត្វព្រៃ រួមមានទាំងសត្វដំរីនៅក្នុងព្រៃត្រូពិច រហូតដល់អណ្តើក hawksbill កំពុងធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមការសិក្សាសត្វព្រៃរបស់ពិភពលោក។

របាយការណ៍ខាងលើនេះក៏ព្រមានផងដែរ ការបាត់បង់ធម្មជាតិ និងការប្រែប្រួលអាកាសធាតុ កំពុងរុញច្រានពិភពលោកយ៉ាងលឿន ឆ្ពោះទៅរកស្ថានភាពអាក្រក់ដែលមិនអាចត្រឡប់វិញបាន រួមទាំងសក្តានុពលនៃការបាត់បង់ព្រៃអាម៉ាហ្សូន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាំឱ្យមានការអំពាវនាវប្រកាសអាសន្ន សម្រាប់សត្វព្រៃរបស់ភពផែនដី ខណៈមេដឹកនាំពិភពលោកត្រៀមរៀបចំសន្និសីទអន្តរជាតិ ស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិក្នុងប្រទេសកូឡុំប៊ី ដើម្បីពិភាក្សាអំពីវិធីស្តារធម្មជាតិ។

ជាមួយគ្នានោះ ប្រទេសជិត២០០ ប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងដ៏សំខាន់របស់អង្គការសហប្រជាជាតិឆ្នាំ២០២២ ដើម្បីដោះស្រាយការបាត់បង់ធម្មជាតិ រួមទាំងការទុកចោល៣០%នៃភពផែនដីសម្រាប់ធម្មជាតិនៅឆ្នាំ២០៣០៕

ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner