អភិបាលខេត្តកំពង់ចាម សួរសុខទុក្ខចៅសង្កាត់ដែលកំពុងព្យាបាលជំងឺ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​សហ​ការី កាលពីរសៀលថ្ងៃទី៩១០ ខែតុលា​បានអញ្ជើញ​ចុះជួបសួរ​សុខ​ទុក្ខលោក ប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ដែលកំពុងសម្រាក​ព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងក្រុងកំពង់ចាម។

លោក ប្លោក សុវណ្ណ គឺជាចៅសង្កាត់គំរូមួយរូបដែលបានឆក់យក​បេះដូងប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ចាម រហូតថ្នាក់ដឹកនាំផ្តល់​សេចក្តីទុកចិត្ត។លោកបានជាប់ជាចៅសង្កាត់កំពង់ចាម ៥អាណត្តិ ជាប់ៗគ្នា។ក្រៅពីក្នុងតួនាទីជាចៅសង្កាត់កំពង់ចាម លោកក៏មានតួនាទី ជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ប្រចាំខេត្តកំពង់ចាមផងដែរ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តលោក ប្លោក សុវណ្ណ ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរស្តាប់​តាម​វេជ្ជបញ្ជា រួមនិងការសម្រាក ហូបចុកឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យខេត្ត ឱ្យនាំយក​លោកចៅសង្កាត់ទៅសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ជាសះស្បើយ។ឯកឧត្តម​ក៏បានឧបត្ថម្ភនូវ​ថវិកាផ្ទាល់ខ្លួន​មួយ​ចំនួនជូនដល់លោកចៅសង្កាត់ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការ៕
ដោយ៖លីពៅ

ads banner