ប្រជាពលរដ្ឋក្រីក្រ គ្រួសារពលី ពិការ និងអតីតយុទ្ធជន ៥១គ្រួសារ ទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់គ្រួសារអតីតយុទ្ធជន គ្រួសារពលី ពិការ និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ៥១គ្រួសារ មកពីឃុំនានា នៅក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

អំណោយជាគ្រឿងឧបភោគ បរិភោគ នៅពេលនោះ រួមមាន អង្ករ ,មី ,ទឹកត្រី និងត្រីខកំប៉ុង។ដោយឡែក គ្រួសារសពអតីតយុទ្ធជនកម្ពុជាចំនួន២គ្រួសារទទួលបានថវិកាបេឡាមរណៈសង្គ្រោះពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។ក្នុងនេះឈ្មោះ ប៉ែន ហៃ ភេទប្រុស អាយុ ៦៩ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ទទួលបានថវិកា ៤លានរៀល និងឈ្មោះ សៀង សាន ភេទប្រុស អាយុ ៦១ ឆ្នាំ ជានិវត្ដន៍ជន រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ទទួលបានថវិកា ៤លានរៀល៕
ដោយ៖ឡុង សំបូរ







