ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា នឹងសហការជាមួយក្រសួងយុត្តិធម៌ ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការដើម្បីជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស

(ភ្នំពេញ)៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារ​អាទិភាព​ដ៏សំខាន់មួយ ក្នុងការងារកែ ទម្រង់វិស័យយុត្តិធម៌ ដើម្បីធានានូវស្ថានភាព​ឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុម​រមនា​ក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស ។ ទន្ទឹមនេះការដោះស្រាយ វិវាទក្រៅ​ប្រព័ន្ធតុលាការ មិនត្រឹមតែអាចជួយដល់គូភាគីវិវាទអាចបញ្ចប់ទំនាស់ដោយ ឆាប់​រហ័ស ដោយផ្អែកតាម គោល ការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នានោះទេ ប៉ុន្តែអាចជួយ​កាត់បន្ថយការ កកស្ទះសំណុំ រឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តីផងដែរ ។

នេះជាការលើកឡើង របស់ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គ លេខាធិការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅ ប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាស​អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការ​អនុវត្តក្នុងសម័យរដ្ឋាភិ បាលឌីជីថល” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ និងលោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជា​ដើម្បី​អភិ​ឌ្ឍន៍ ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។

ឯកឧត្តមអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅ ប្រព័ន្ធតុលាការ បានមានប្រសាសន៍ថា ក្រៅពីការការពារក្តីនៅតុលាការ និងក្នុងករណីដែលច្បាប់​អនុញ្ញាត, មេធាវីគ្រប់រូប សូមព្យាយាមដើរតួនាទីជា​អ្នកផ្សះផ្សារ ឬសម្រុះសម្រួល​បញ្ចប់វិវាទនៅ ក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទ​ផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ទន្ទឹមនេះ អ.ដ.ក. បានចុះអនុស្សារណៈ​នៃការយោគយល់គ្នា​ជាមួយគណៈ មេធាវី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ ដូច្នេះ មេធាវី ទាំងឡាយអាចនាំយកវិវាទដែលខ្លួនបានសម្រុះសម្រួល​ដោះស្រាយ​បញ្ចប់ ហើយស្នើមក អ.ដ.ក. ដើម្បីទទួលស្គាល់ និងចេញជាកំណត់ ហេតុព្រម​ព្រៀង​បញ្ចប់វិវាទ ដែលតាម ច្បាប់កំណត់ហេតុនេះ មាន តម្លៃដូចសាលក្រមស្ថាពរ។

ឯកឧត្តម យ៉ម ផារ៉ូត បានបញ្ជាក់ថា ៖តួនាទីរបស់មេធាវីកាន់តែមានសារៈសំខាន់​ថែមទៀត ដោយ សារការវិវត្តន៍នៃស្ថាន ភាពកាន់តែស្មុគស្មាញនៃសង្គម ជាពិសេស​នៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានកាន់តែ​ច្រើន​ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្អែកលើតួនាទីដ៏មានសារៈ​សំខាន់របស់មេធាវីនៅក្នុងវិស័យ​យុត្តិធម៌, មេធាវី គឺជាតួអង្គ ដៃគូដ៏សំខាន់មួយរបស់​ក្រសួង​យុត្តិធម៌ ក៏ដូចជា របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ហៅកាត់ថា អ.ដ.ក.) នៅក្នុងការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកម្ម​វិធីនយោ បាយ អាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ។

លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ប្រធាន​ក្រុមធាវីអាស៊ីកម្ពុជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ អាជ្ញាកណ្តាលការ ងារ និង​មជ្ឈត្តករ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោល បំណងធ្វើការ​ផ្លាស់ប្តូរយោបល់ ការចែករំលែក ចំណេះដឹង បទពិសោធន៍ការងារ អំពីតួនាទី​សំ​ខាន់ៗរបស់មេធាវីវិស័យយុត្តិធម៌ ក្រោមប្រធានបទ “តួនាទីមេធាវីក្នុង ប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរាជរដ្ឋាភិបាលឌីជីថល។ លោកជំទាវ ជឿជាក់យ៉ាងមុត​មាំ​ថា សិក្ខាសាលានេះ គឺនឹងចូលរួមចំណែកផ្សព្វ ផ្សាយ​បន្ថែមទៀត​នូវចំណេះដឹង​ចំ​ណេះធ្វើ និងបង្កើនជំនាញសមត្ថភាព​ទៅដល់សិក្ខា កាមដើម្បីបញ្ជ្រាបក្នុង​វិស័យ​យុត្តិ​ធម៌ ជាពិសេសការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ។

ឯក​ឧត្តមឧត្តម សេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមាន​​​ប្រសាសន៍ថា ប្រធានបទ នៃសិក្ខាសាលាថ្ងៃនេះ គឺមានសារៈសំខាន់ មិនមែនត្រឹមតែសម្រាប់អ្នកជំនាញផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់​គ្រប់​វិស័យដែល ពាក់ព័ន្ធក្នុងការធានានូវសុចរិតភាពនៃយុត្តិធម៌នៅកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner