ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចណ៍ ជំរុញឱ្យ សហព័ន្ធទេសចរណ៍កម្ពុជា ពង្រឹងគុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ដឹកនាំដោយលោក ឌិន សុមេធារិទ្ធ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់គុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរអញ្ជើញមកកាន់ទីស្តីការក្រសួង ក្នុងគោលបំណងកសាងគោលដៅទេសចរណ៍ វប្បធម៌ ធម្មជាតិជាលក្ខណៈ High Season និង Green Season នៅកម្ពុជាឱ្យមានការទទួលស្គាល់កម្រិតពិភពលោក និងថ្លែងអំណរគុណដល់សហព័ន្ធទេសចរណ៍កម្ពុជាដែលតែងតែសហការលើការដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោយអនុវត្តយន្តការសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឱ្យសហព័ន្ធទេសចរណ៍កម្ពុជា ចូលរួមឱ្យបានសកម្មថែមទៀតក្នុងពិធីបុណ្យសមុទ្រខេត្តកំពត និងបានស្នើសុំឱ្យសហព័ន្ធទេសចរណ៍កម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់សិស្សនិស្សិត និងបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ព្រមទាំងបានស្នើសុំឱ្យសហព័ន្ធទេសចរណ៍កម្ពុជា ចូលរួមជំរុញឱ្យសមាជិករបស់ខ្លួន ចូលរួមផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជា “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍” និង “ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់”។
សូមបញ្ជាក់ថា សហព័ន្ធទេសចរណ៍កម្ពុជា ត្រូវបង្កើតឡើងនៅឆ្នាំ២០១៦ ដោយមានបេសកកម្មបង្រួបបង្រួមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ ដែលមានចក្ខុវិស័យផ្សេងៗឱ្យរួបរួមគ្នា ដើម្បីជំរុញកិច្ចសហការល្អ និងមានគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម, លើកកម្ពស់ការអភិវឌ្ឍន៍ការអនុវត្តទេសចរណ៍ប្រកប ដោយនិរន្តរភាព, លើកកម្ពស់ការផ្សព្វផ្សាយ និងការធ្វើទីផ្សារទេសចរណ៍, លើកកម្ពស់ការបណ្តុះបណ្តាលជំនាញ និងការកសាងសមត្ថភាព បង្កើតកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ផ្តល់ប្រឹក្សាបច្ចេកទេស និងគោលនយោបាយគាំទ្រ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ









