ផ្អើលតារាថៃយកភាពល្បី បោកប្រាស់លុយសាធារណជន

បាងកក៖ កាសែត The Nation បានចេញផ្សាយថា
ប៉ូលីសនឹងស្នើទៅកាន់ការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន The iCon Group ដែលសង្ស័យថា បានបោកប្រាស់លុយសាធារណជន ដោយឈ្មោះប្រើតារាល្បីៗ។

តារាសម្តែង និងជាពិធីករថៃ លោក Kan Kantathavorn ដែលត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមតារាល្បីៗ ចំនួន៣រូប ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនមួយនេះ ទើបបានប្រកាសផ្អាកការងារ ជាបណ្តោះអាសន្ន ក្នុងនាមជាអ្នកសម្របសម្រួល កម្មវិធីទូរទស្សន៍ ដោយបង្ហាញពីការព្រួយបារម្ភ។ លោក Kan ត្រូវបានតែងតាំង ជាប្រធានផ្នែកទីផ្សារ របស់ The iCon Group នេះបើតាមកាសែត Kom Chad Luek។

ការសង្ស័យពីភាពមិនប្រក្រតីនៃអាជីវកម្មរបស់ក្រុមហ៊ុន បានចាប់ផ្តើមលេចឡើង នៅដើមសប្តាហ៍នេះ ដោយអ្នកលក់បន្តមួយចំនួនបានងាកទៅរកអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសុំជំនួយ បន្ទាប់ពី ពួកគេបានខ្ចីប្រាក់ ឬ លក់ទ្រព្យសម្បត្តិ ដើម្បីធ្វើកូតាលក់ ដែលកំណត់ដោយក្រុមហ៊ុន។ ពួកគេខ្លះថែមទាំងប្រឈមនឹងការក្ស័យធន និងការរឹបអូសទ្រព្យសម្បត្តិ ទៀតផង។

អគ្គស្នងការនគរបាលជាតិស្តីទី លោក Kittirat Panpetch បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសបានសួរចម្លើយជនរងគ្រោះជាច្រើននាក់ ហើយដឹងថា ការខូចខាតផ្នែកហិរញ្ញវត្ថុ រហូតដល់ប្រហែល ៣១លានបាត ឬ សរុបជាង៩៣ម៉ឺន៥ពាន់ដុល្លារអាមេរិក។ លោកបានពន្យល់ពីអាជីវកម្មនេះថា ក្រុមហ៊ុនបានកៀគរមនុស្ស ឱ្យជួយអាជីវកម្មលក់ផ្ទាល់របស់ខ្លួន ដោយពួកគេត្រូវបង់ថ្លៃ សម្រាប់ការបណ្តុះបណ្តាល និងការបើកឥណទាន បែងចែងតាមកម្រិត។

លោកបានបន្ថែមថា បច្ចុប្បន្ន ប៉ូលិសកំពុងស៊ើបអង្កេត លើការចុះបញ្ជីក្រុមហ៊ុន ដើម្បីមើលថា តើអនុវត្តទៅតាមច្បាប់ ឬអត់។ យ៉ាងណាមិញ លោកមិនធ្វើអត្ថាធិប្បាយ អំពីបទល្មើសអ្វីដែលក្រុមហ៊ុន iCon Group នឹងប្រឈមមុខនោះទេ ប៉ុន្តែ លោកថា សង្ស័យជាគម្រោង Ponzi និង ការបោកប្រាស់ វិនិយោគិន។

តែមេប៉ូលីសរូបនេះ បានបញ្ជាក់ថា អ្នកជាប់ពាក់ព័ន្ធនឹងការឆបោកនេះ នឹងប្រឈមមុខទៅនឹងវិធានការផ្លូវច្បាប់ រួមទាំងតារាល្បីៗ ដែលបានជួយក្នុងការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន ទៀតផង៕

ប្រភពពី The Nation ប្រែសម្រួ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner