ក្រសួងទេសចរណ៍កម្ពុជា និង មន្ទីរវប្បធម៌ ទេសចរណ៍ ប្រទេសចិន សហការគ្នាពង្រីកទីផ្សារទេសចរណ៍គ្នាទៅវិញទៅមក
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសមនិងពីភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ដមន្ត្រី បានជម្រាបជូនថា វិស័យទេសចរណ៍កម្ពុជា គឺជាការងារដែលមានសារៈសំខាន់ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់បណ្ដាភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ។

ឯកឧត្តម ហួត ហាក់ បន្តថា វិស័យទេសចរណ៍កម្ពុជា ក៏មានតម្រូវការវិវត្តតាមលក្ខណៈបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងទេសចរណ៍ ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ តាមរយៈផ្សព្វផ្សាយព័ត៌មានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង ដើម្បីបញ្ជ្រាបដល់ប្រជាជនខេត្តហេរ៉ុងជាំងឱ្យស្គាល់ពីកម្ពុជា។

បន្ទាប់ពីជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន បានសហការគ្នារៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងទិសដៅពង្រីកទីផ្សារទេសចរណ៍កម្ពុជាឱ្យមានទំហំកើនជាលំដាប់ ។

សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចការឭទេសចរណ៍កម្ពុជា-ចិនឱ្យមានវិសាលភាពកាន់តែធំជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធិ និងជំរុញភ្ញៀវទេសចរចិនអញ្ជើញមកដំណើរកម្សាន្ត និងទស្សនាឱ្យបានច្រើនកុះករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរ បានវាយតម្លៃចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវិស័យទេសចរណ៍ជាអាទិភាពមួយក្នុងចំណោមអាទិភាពដ៏ទៃទៀតក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរដ្ឋសភានីតិកាលទី៧នេះ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ





