ឯកឧត្តម ហេង សួរ ៖ គ្រប់ភាគីពាក់ព័ន្ធគឺជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលដើម្បីលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត

សៀមរាប៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។

ការថ្លែងបញ្ជាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ Royal Angkor Resort ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវកែការការសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងកៅអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំ ជាពិសេសត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តកែច្នៃខុសបច្ចេកទេស ដែលមិនអាចយកធ្វើជារថយន្តដឹកកម្មករនិយោជិតបាននោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ការផ្តល់ជាធាតុចូលយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្តល់ជាមតិ និងសំណើកែលម្អនានា ដើម្បីក្រុមការងារអាចយកមកបញ្ចូលក្នុងគោលនយោបាយស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលជាការងារអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងធ្វើការងារយ៉ាងសកម្មលើកិច្ចការនេះ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សារួមគ្នាយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើង ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា និងជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣មុឺននាក់កំពុងធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិតសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ។ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព ​និងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner