នាយករដ្ឋមន្រ្តីជប៉ុន ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ផ្តោតសំខាន់លើ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បច្ចុប្បន្ន
អ៊ីរ៉ង់៖ ថ្លែងប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបញ្ជាក់ថា នឹងពុំមានកិច្ចចរចាណាមួយកើតមានឡើងជាមួយសហរដ្ឋអាម៉េរិកឡើយ ជុំវិញភាពតានតឹងរវាងប្រទេសទាំងពីរ ហើយថា អ៊ីរ៉ង់ មិនទុកចិត្តសហរដ្ឋអាម៉េរិកឡើយ។

លោក Ayatollah Ali Khamenei បានបន្ថែមទៀតថា អ៊ីរ៉ង់នឹងគ្មានថ្ងៃប្រព្រឹត្តកំហុសច្រំដែលនៃការសុខចិត្តចូលទៅអង្គុយចរចាជាមួយសហរដ្ឋអាម៉េរិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ទៀតនោះទេ។ ទន្ទឹមគ្នានោះ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ប្រទេសដែលឈ្លាសវៃ និងមានសិទ្ធិសេរីភាព គឺនឹងមិនព្រមទៅចរចាក្រោមការដាក់សម្ពាធដាច់ខាត។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ជាមួយគោលដៅចង់ជួយបន្ធូរបន្ថយស្ថានការណ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ខណៈវាគឺជាលើកទីមួយក្នុងអំឡុងពេលប្រមាណជា០៤ទសវត្សរ៍កន្លងមកនេះ ដែលមេដឹកនាំជប៉ុនបានឈានជើងជាន់ទឹកដីប្រទេសអ៊ីរ៉ង់៕ធ.ដ
