ពលករថៃស្លាប់នៅព្រំដែនអ៊ីស្រាអែល-លីបង់
បរទេស៖ ពលករថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងការផ្ទុះមួយ នាភាគខាងជើងប្រទេសអ៊ីស្រាអែល ជាប់ព្រំដែនជាមួយប្រទេសលីបង់ ក្នុងពេលដែលទាហានអ៊ីស្រាអែល និងពួកហេសបូឡាស បង្កើនការវាយប្រហារដាក់គ្នា។
កាសែត The Nation បានចេញផ្សាយ ដកស្រង់ប្រភពពីស្ថានទូតថៃប្រចាំនៅអ៊ីស្រាអែលថា «ពលករថៃម្នាក់បានស្លាប់ ខណៈម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចប្រឆាំងរថក្រោះ នៅតំបន់កសិកម្ម Yir’on ភាគខាងជើង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ»។ អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់ពលករជនជាតិថៃម្នាក់ ក្នុងការវាយប្រហារលើកនោះ។
បើតាមកាសែត Bangkok Post បានឲ្យដឹងថា ពលករថៃរូបនេះ មានឈ្មោះ Nisant Meeram ធ្វើការនៅចម្ការផ្លែប៉ោម។ សាច់ញាតជនរងគ្រោះ មិនទាន់ទទួលសាកសពទេ ដោយបានជាប់គាំងនៅអ៊ីស្រាអែល ព្រោះតែហេតុផលហិរញ្ញវត្ថុ។
ស្ថានទូតបានណែនាំដល់ជនជាតិថៃ ដែលរស់នៅ ឬ ជិតតំបន់ទាំងនោះ ទាក់ទងស្ថានទូតថៃ ដើម្បីជួយសម្របសម្រួល សម្រាប់ការជម្លៀស ទៅកាន់ទីសុវត្ថិភាព។ កាលពីពេលផ្ទុះសង្គ្រាម ថ្ងៃ៧ខែតុលា រវាងអ៊ីស្រាអែល និងហាម៉ាស់ ពលករថៃក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំង, ស្លាប់ ព្រមទាំង ជម្លៀស មកស្រុកកំណើត វិញដែរ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត