កម្ពុជា នឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសញ្ជាក់ថា កម្ពុជា នឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវជួយគៀងគរអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា បង្កើនចំណូលចូលជាតិ និងប្រជាជន ជួយដោះស្រាយបញ្ហានានារបស់វិស័យឯកជន ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ទាំងសម្តេចផ្ទាល់ និងសភាពាណិជ្ជកម្មកម្ពុជា ពេលទៅក្រៅប្រទេសម្តងៗ គឺហត់ណាស់ និយាយពីសក្តានុពលវិនិយោគនានារបស់កម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគឱ្យមកកម្ពុជា ។ ដូច្នេះ យើងត្រូវធ្វើឱ្យអ្នកវិនិយោគជឿទុកចិត្តដល់យើង នៅពេលដែលគេមកដល់កម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយឈរលើអភិក្រមរក្សាចាស់ បង្កើនថ្មី សម្រាប់ទីផ្សារ និងពាណិជ្ជកម្មរបស់កម្ពុជា ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ ហើយកុំខ្លាចការប្រកួតប្រជែង ព្រោះវានឹងធ្វើឱ្យយើងកាន់តែរឹងមាំ។ សម្ដេចធ្លាប់បានលឺគេចោទជាសំណួរថា ប្រទេសយើងក្រ យើងទៅចូលនៅក្នុងសមាគមន៍ WTO ធ្វើអី? ប្រកួតម៉េចឈ្នះគេ? យើងមិនបិទទ្វាការពារឧស្សាហកម្មយើងសិនទៅ! ឱ្យខ្លាំងសិនចាំយើងបើកទ្វា។ ហេតុអីយើងមិនពង្រឹងខ្លួនឯងសិនចាំទៅលេងជាមួយគេអ្នកខ្លាំង?

សម្ដេចថា៖ អាហ្នឹងដូចហាត់ក្បាច់គុននៅក្នុងផ្ទះចឹង យើងហាត់ស្អាតណាស់ ឡូយណាស់ តែយើងមិនចេញទៅប្រកួតជាមួយគេ យើងបានបទពិសោធន៍មកពីណា? ការប្រកួតប្រជែងដោយការពង្រឹងខ្លួនឯង នៅក្នុងសមរភូមិពាណិជ្ជកម្ម គឺទាល់តែពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើង ហើយការដាក់ទិសដដៅរបស់យើងក្នុងការបើកទីផ្សារនេះ មិនមែនគ្រាន់តែបើកទីផ្សារធំទេ ប៉ុន្តែត្រូបង្កើនស្តង់ដារ ព្រោះយើងនាំផលិតផលរបស់យើងដែលមានស្តង់ដារខ្ពស់ ទាមទារឱ្យយើងមានសមត្ថភាព អ្នកផលិតក្នុងស្រុកត្រូវមានស្តង់ដារ ។

សម្ដេចបន្តថា អីចឹងយើងខំពង្រឹងប្រើប្រាស់បច្ចេកវិទ្យា ទាំងស្តង់ដារផ្សេងៗ ដើម្បីបំពេញ ដែលធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ ធ្វើឱ្យសមត្ថភាពវិស័យឯកជនរបស់យើង រដុ្ឋរបស់យើងក៏កាន់តែរឹងមាំ ក្នុងរដ្ឋក៏ត្រូវពង្រឹង ព្រោះកាលមុនយើងសេដ្ឋកិច្ចផែនការ រហូតដល់ឆ្នាំ៩០ជាង ដោយយើងចាប់ផ្ដើមបើក ហើយពេលដែលយើងចាប់ផ្ដើមចូលទៅ WTO ការងារមួយចំនួនយើងត្រូវពង្រឹងផ្នែកនិយ័តកម្មរបស់យើង ច្បាប់របស់យើង ដើម្បីឱ្យស្របទៅនឹងច្បាប់អន្តរជាតិ ដើម្បីពង្រឹងខ្លួនឯងនេះឯង។ អីចឹងបានផលទាំងអស់ ទាំងរដ្ឋ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋ ដើម្បីយើងសមាហរណកម្មខ្លួនយើងពេញលេញ នេះហើយជាលទ្ធផលដែលយើងទទួលបាននូវការរីកចម្រើនរបស់យើង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner