សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូបអ្នកដំណើរបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខ ចាប់ក្របួចបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ រួមដំណើរជាមួយកូនស្រី ម្តាយ ជិះលើរ៉ឺម៉កម៉ូតូ បានសម្រេចហើយព្យាយាមបើករត់គេច តែត្រូវបានកម្លាំងអន្តរាគមន៍របស់ខណ្ឌសែនសុខ ល្បាតជួប ដេញស្ទាក់ចាប់បានភ្លាមៗ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មុខផ្សារម៉ាក្រូ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ចាន់ ដារ៉ា ហៅ សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-9389 ជាមធ្យោបាយជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះឈ្មោះ ឃុន ធីផល្គុន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ១៣បេអា ផ្លូវលេខ៣៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ នៅក្នុងកាបូប ដែលចោរឆក់មានលុយ១០០ដុល្លារ លុយខ្មែរ៦០ម៉ឺនរៀល និងទូរសព្ទ២គ្រឿង។

តាមជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ កូនស្រី ម្តាយ មានគ្នា៣នាក់ជិះរ៉ឺម៉កម៉ូតូ ចេញពីផ្សារម៉ាក្រូ ក្នុងគោលបំណងឆ្ពោះទៅផ្ទះ មិនទាំងទាន់ផុតពីមុខផ្សារផង ស្រាប់តែ ចោរឆក់វ័យក្មេង ជិះមក ឆក់យកកាបូបស្ពាយបានហើយ ព្យាយាមបើកម៉ូតូរត់គេច ស្រែកចោរៗ ផ្អើលអ្នកជិតខាង កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខល្បាត ក្បែរនោះស្រាប់ ក្រឡេកឃើញ ដេញស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗផងដែរ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ