គណៈប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម អញ្ជើញទស្សនកិច្ចសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

កំពង់ធំ៖គណៈប្រតិភូសមាគមអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្ត​វៀតណាម អង្គភាពទ័ពទី៣ ដឹកនាំដោយឧត្តមសេនីយ៍ទោ ហា ម៉ិញថាមនិងសមាជិកចំនួន៥០នាក់បានអញ្ជើញមកបំពេញទស្សនកិច្ចគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ​នៅទីស្នាក់ការបណ្ដោះអាសន្នរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្ថិតនៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ធំកាលពីរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងនិងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា​ខេត្តកំពង់ធំ បានស្វាគមន៍ប្រតិភូវៀតណាម និងថ្លែងអំណរគុណ​ចំពោះ​ការមកទស្សនកិច្ចរបស់គណៈប្រតិភូ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនភ្ញៀវអំពី​ដំណើរ​ការរបស់សមាគម ដែលទទួលបាននូវការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិ ។សកម្មភាពរបស់​សមាគមអតីតយុទ្ធជនកម្ពុជានៅកម្រិតជាតិ និងខេត្តដែលមាន គោលដៅបម្រើអតីតយុទ្ធជនតាមរយៈការសាងសង់ផ្ទះ, ការដោះ​ស្រាយថវិកាសម្រាប់គ្រួសារដែលបានបាត់បង់សមាជិក និងបន្ត​គាំទ្រក្នុងការចិញ្ចឹមជីវភាពប្រចាំថ្ងៃ។

ចំណែកឧត្តមសេនីយ៍ទោ ហា ម៉ិញថាម បានបញ្ជាក់ពីចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ កងទ័ពទាំងពីរ និងប្រទេសទាំងពីរ ដើម្បីទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ​ប្រទេសរៀងៗខ្លួន។គណៈប្រតិភូបានកោតសរសើរ ចំពោះកម្ពុជា​ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែតដែលបានអភិវឌ្ឍន៍ប្រទេស យ៉ាងឆាប់រហ័ស ក៏ដូចជា​បម្រើប្រជាជន ក្នុងនោះមានទាំងអតីតយុទ្ធជន និងសហគមន៍៕
ដោយ ប៊ុន រដ្ឋា

ads banner