ផ្លូវល្បាយក្រួសប្រាំបីខ្សែនៅខេត្តសៀមរាប បានទទួលការវាយតម្លៃពី​គណៈកម្មការអន្តរក្រសួង

សៀមរាប៖គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបក្នុងសប្ដាហ៍​នេះបានចុះពិនិត្យ និង វាយតម្លៃលើការងារ​ថែទាំ​ផ្លូវ​ប្រចាំដោយក្រាល​ល្បាយ​ក្រួសចំនួនប្រាំបីខ្សែ ប្រវែង១១២ គីឡូម៉ែត្រ ស្ថិតនៅក្នុង​ស្រុក​ចំនួនបួនក្នុងខេត្តសៀមរាប។

លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបាន​ឱ្យដឹងថា ផ្លូវចំនួនប្រាំបីខែ្សកា្រល​ល្បាយក្រួសនេះមានប្រវែង ១១២​គីឡូម៉ែត្រ,មានទទឹងពី៥ម៉ែត្រទៅ៦ម៉ែត្រ ស្ថិតនៅឃុំពង្រលើ ឃុំគោក​ធ្លកក្រោម ស្រុកជីក្រែង , ឃុំតាយ៉ែក​ស្រុកសូទ្រ​និគម​​ ,ឃុំស្វាយលើ ស្រុកស្វាយលើ ,ឃុំកំពង់ថ្កូវ ឃុំតាអាន ឃុំសែនសុខ ស្រុកក្រឡាញ់ និង ឃុំក្លាំងហាយ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ  ។

ក្នុងបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវខាងលើ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទបាន​វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងប្រាំបីខ្សែ​សម្រេច​បានល្អប្រសើរ ។ផ្លូវនៅជនបទនេះ ក្រសួង​បានផ្តោត​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ដោយគិតគូរពីភាពធន់និងការប្រែប្រួលអាកាស​ធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយក្រួស ដើម្បីបង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការ​ចំណាយលើការដឹកជញ្ជូន ផលិតផល​ផ្សេងៗ​ទៅកាន់ទីផ្សារ និង ភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ​ជាដើម ៕

 ដោយ៖​ប៊ុន​ រដ្ឋា

ads banner