Google ចុះកិច្ចព្រមព្រៀងទិញថាមពលនុយក្លេអ៊ែរមកអភិវឌ្ឍ AI
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Google នាពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងដំបូងបំផុតមិនធ្លាប់មាន ទិញថាមពលពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមានម៉ូឌុលតូចៗចំនួន៧ ហៅកាត់ (SMRs) របស់ក្រុមហ៊ុន Kairos Power ដើម្បីបំពេញតម្រូវការថាមពលអភិវឌ្ឍ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។
កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យ Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេលើពិភពលោក ដែលគាំទ្របង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មី ដើម្បីផ្តល់ថាមពលអគ្គិសនីកាបូនទាប សម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលស្រេកឃ្លានថាមពលអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI របស់ខ្លួន។
នាយកជាន់ខ្ពស់ផ្នែកថាមពល និងអាកាសធាតុរបស់ Google លោក Michael Terrell និយាយថា យើងជឿជាក់ថា ថាមពលនុយក្លេអ៊ែរដើរតួនាទីសំខាន់ គាំទ្រដល់កំណើនប្រើប្រាស់ថាមពលស្អាតរបស់ផែនដី និងជួយផ្តល់វឌ្ឍនភាពដល់ការអភិវឌ្ឍ AI។
Google និង Kairos បានគូសបញ្ជាក់ថា ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ Google ប្តេជ្ញាទិញថាមពលពីរោងចក្រ ដែលនឹងសាងសង់ឡើងដោយក្រុមហ៊ុន Kairos Power មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេល ៧ឆ្នាំ។ ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃនៃកិច្ចព្រមព្រៀងនេះទេ។
ក្រុមហ៊ុនទាំងពីរនិយាយថា កិច្ចព្រមព្រៀងនេះ មានគោលដៅបង្កើនថាមពលនុយក្លេអ៊ែរដល់ ៥០០មេហ្គាវ៉ាត់ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ។ រ៉េអាក់ទ័រដំបូងអាចនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០៣០ ហើយរ៉េអាក់ទ័របន្តបន្ទាប់ទៀត គឺនៅឆ្នាំ ២០៣៥៕


ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា