រាជរដ្ឋាភិបាលដំឡើងពន្ធលើផលិតថ្នាំជក់ពី២៥ទៅ៣១,១% កាត់បន្ថយការជក់បារី ដើម្បីសុខភាពប្រជាពលរដ្ឋ
នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី១១ខែមិថុនានេះ បានធ្វើសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាជាតិ។

នៅក្នុងសិក្ខាសាលានោះដែរ លោកវេជ្ជបណ្ឌិត អ៊ឹង ភារុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីជាការអនុវត្តច្បាប់ផាកពិន័យពុំទាន់បានអនុវត្តន៍ក្តី តែប្រជាជនគ្រប់ស្រទាប់មានការយល់ដឹងច្រើនអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់នេះ ដែលមានអត្រានៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានថយចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺចុះ១៣,៦៨% ពោលគឺពី៤៨,៩៨% នៅត្រឹម ៣៥,៣% ចំពោះបុរស និងថយចុះ៨,៩៣% ចំពោះស្ត្រី ពោលគឺ២០,៥៣% មកនៅត្រឹម ១១,៦%។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានលើកឡើងថា នៅដើមឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានដំឡើងពន្ធត្រឹមតែ២៥ទៅ៣១,១% ប៉ុណ្ណោះ បើធៀបនឹងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើបានដល់៥០% ទៅ៦០% ប្រទេសសិង្ហបូរីវិញបាន៦៧,៥% និងប្រទេសថៃ បានដំឡើងរហូតដល់៧០% ដែលជាពន្ធខ្ពស់ជាងគេនៅក្នុងសហគមន៍អាស៊ាន។ ដោយឡែក កម្ពុជាក៏មិនទាន់មានមូលនិធិត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពង្រឹងយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ យន្តការការត្រួតពិនិត្យ យន្តការអធិការកិច្ច និងយន្តការផាកពិន័យទេ។

ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់វិធានការក្នុងការអនុវត្ត ការត្រួតពិនិត្យថ្នាំជក់ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងនានា ការបង្ហាញព័ត៌មានសមាសធាតុក្នុងផលិតផលថ្នាំជក់ និងការដាក់សារព្រមានសុខភាពលើកញ្ចប់បារី និងបានចាត់វិធានការការពារបរិយាកាសគ្មានផ្សែងផលិតផលថ្នាំជក់។ មកទល់ពេលនេះ យើងមានមោទនភាពក្នុងការទទួលបានជោគជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជា ក៏ប៉ុន្តែយើងក៏នៅតែមានការព្រួយបារម្ភអំពីផលអវិជ្ជ មាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ហើយបញ្ហានេះក៏ជាឧបសគ្គមួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្នបញ្ហានេះ បញ្ហាផ្សែងបារី បានកំពុងបង្កឲ្យមាននូវផលវិបាក និងបានប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព អាយុជីវិត គ្រួសារ សង្គម សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ដែលក្នុងនោះមានជាអាទិ៍ កើតជំងឺមិនឆ្លងធ្ងន់ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក (មាត់ស្បូន ថ្លើម សួត សុដន់ ក្រពះ) ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែម។ល៕ធ.ដ



