អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលការរៀបចំបន្ទប់រៀនបណ្តោះអាសន្ន នៅឃុំឆ្នុកទ្រូ ក្រោយពីអគារសិក្សា៣ខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរបានអញ្ជើញចុះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួបជាមួយមន្ត្រីអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ នៅសាលាយុគន្ធរក្នុងឃុំឆ្នុកទ្រូ ពិភាក្សា និងពិនិត្យមើលការរៀបចំបន្ទប់សម្រាប់ឲ្យសិស្សានុសិស្សបានរៀនជាបណ្តោះអាសន្ន ក្រោយពីអគារសិក្សាចំនួន៣ខ្នង ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគារសិក្សាដែលត្រូវអគ្គិភ័យឆេះបំផ្លាញកាលពីថ្ងៃអាទិត្យនោះ មានចំនួន៣ខ្នង ក្នុងនោះមានអគារសាលាមតេ្តយ្យមួយខ្នង១បន្ទប់ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី និងសាលាបឋមសិក្សាមាន២ខ្នង៦បន្ទប់ ធ្វើពីឈើប្រក់ស័ង្កសី។ លោកបានឲ្យដឹងទៀតថា ក្រោយពីអគារសិក្សានេះ ត្រូវភ្លើងឆេះ មន្ទីរបានសហការជាមួយការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូសុំខ្ចីសាលាឆាន់វត្តយុគន្ធជាបន្ទប់ឲ្យសិស្សបានរៀនជាបណ្តោះអាសន្នសិន ហើយសិស្សផ្អាករៀនតែថ្ងៃចន្ទមួយថ្ងៃប៉ុណ្ណោះ ដោយពួកបានចូលរៀនវិញនៅថ្ងៃអង្គារ៍ទី១១ មិថុនានេះ។

ជាមួយគ្នានេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានឆេះបំផ្លាញអគារសិក្សារួមទាំងសម្ភារមួយចំនួនផងដែរ។ ឯកឧត្តម បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ជាបន្តទៀត បើទោះបីជួបការលំបាកខ្លះៗក៏ដោយ។ ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានឧបត្ថម្ភថវិកាចំនួន៧,០០០,០០០ រៀល សម្រាប់រៀបចំបន្ទប់សិស្សរៀនបណ្តោះអាសន្នផងដែរ៕ធ.ដ





