ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំដើមអណត្តិទី៧ ក្រសួងដែនដីសម្រេចសមិទ្ធិផលសំខាន់ៗជាច្រើន ឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំដើមអណត្តិទី៧ ក្រសួងដែនដីសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងសម្រេចបាន នូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បានបញ្ចប់នូវភាពចម្រូងចម្រាសក្នុងសង្គមទាំងមូល នាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយនេះជាពេលវេលា ដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា ។

តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងការផ្តល់សេវាសាធារណៈ ក្នុងការឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ ក្នុងនោះ ក្រុមការងារបរិវត្តកម្មឌីជីថល បានរៀបចំកសាងនិងធ្វើទំនើបកម្មមូលដ្ឋានគ្រឹះឌីជីថល ដោយរៀបចំនូវមជ្ឈមណ្ឌលទិន្នន័យរួម ការប្រមូលផ្ដុំ និងសមាហរណកម្មទិន្នន័យ រួមទាំងការតភ្ជាប់ជាមួយថ្នាលរដ្ឋាភិបាលឌីជីថល ដើម្បីកសាងកម្មវិធីឌីជីថលបម្រើឱ្យសេវាសាធារណៈ ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព សុវត្ថិភាព ងាយស្រួល និងជឿទុកចិត្ត។
បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖ ១. សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី, ២. សេវាសំណង់ និង៣. សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ៤មុខសេវា ដូចជា សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។

ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយ ជាដើម ។
សូមបញ្ជាក់ថា ៖ យោងតាមលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ បានឲ្យដឹងថា វិស័យសំណង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។ ក្នុងឆ្នាំ២០២៤ ការវិនិយោគលើវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា មានចំនួនជាង ២ ៦០០គម្រោង ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៣ ថយចុះ ១៥,១៧ភាគរយ ។
របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៤ ទិន្នន័យទូទៅសំណង់ទូទាំងប្រទេស មានចំនួន ២ ៦២២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ១០លានម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤ ៣៣៥ ៧៥៤ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ២ ៩២៤គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង ១២លានម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក ៕



ដោយ / គ្រី សម្បត្តិ