នាយករដ្ឋមន្ត្រីកម្ពុជា ថា ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ
(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកអនុសញ្ញាអូតាវ៉ា ថា ពិតជាមានសារៈសំខាន់ណាស់ ហើយបានក្លាយជាបទដ្ឋានសកលមួយក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធបែបនេះ និងជាបង្គោលនៃក្តីសង្ឃឹមសម្រាប់ប្រទេសដែលរងផលប៉ះពាល់។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរួមគ្នា ក្នុង ការលុបបំបាត់កេរដំណែលដ៏ឃោរឃៅ និងយូរអង្វែងនៃគ្រាប់មីននៅក្នុងពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានគណៈប្រតិភូប្រមាណ ៧០០នាក់ មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ បានចូលរួម ។
សម្តេចបវរធិបតី បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ជាទឹកដីនៃសន្ដិភាព បានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន។ ទឹកដីដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ដូចជា ប្រាសាទអង្គរវត្ត បានឆ្លងកាត់នូវសោកនាដកម្ម ដ៏គួរឱ្យសោកសង្រេងបំផុត រួមមាន ការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ប្រជាជនកម្ពុជារាប់លាននាក់ បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម ។ សម្តេច ថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីន គឺថា ទោះបីជាសន្តិភាពពេញលេញ ត្រូវបានសម្រេចនៅឆ្នាំ១៩៩៨ ក៏ស្រមោលនៃគ្រាប់មីន នៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស និងដល់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រជាជនកម្ពុជា មិនអាចរស់នៅ និងបន្តជីវភាពដូចប្រក្រតីបាននោះទេ ដោយសារទឹកដីរបស់កម្ពុជា នៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញ ក៏ត្រូវប្រឈមផងដែរ។ សម្ដេច ថា ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេស ដែលមានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន នោះទេ ។ ខណៈជាមួយគ្នានេះ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក គឺទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់កាលពីអតីតកាល ។
សម្តេចបវរធិបតី បានបញ្ជាក់ថា៖ យើងត្រូវបញ្ជាក់ឡើងវិញ នូវការរួបរួមគ្នាក្រោមអនុសញ្ញាអូតាវ៉ា ដែលជាឯកសារដ៏សំខាន់រួមរបស់មនុស្សជាតិ។ កម្ពុជា អំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ ចូលរួមជាមួយយើងក្នុងបេសកកម្មនេះ គឺដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ។
សម្តេចធិបតី ក៏បានទទូចឱ្យទាំងអស់គ្នា អនុវត្តការប្តេជ្ញាចិត្តនេះ មិនត្រឹមតែជាគោលដៅសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសន្យាសម្រាប់អ្នកជំនាន់ក្រោយផងដែរ ៕







អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត