ជនអន្ធពាលនៅហៃទីកំពុងរើសកុមារចូលក្រុមក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
ព័រអូប្រាំង ៖ របាយការណ៍របស់អង្គការយូនីសេហ្វបានឱ្យដឹងថ្មីៗនេះថា ក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី កំពុងជ្រើសរើសកុមារឱ្យចូលរួមក្រុម ក្នុងកម្រិតមិនធ្លាប់មានពីមុនមក ក្នុងនោះចំនួនអនីតិជនដែលត្រូវកំណត់គោលដៅ បានកើនឡើង ៧០% កាលពីឆ្នាំមុន។
តំណាងអង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF ប្រចាំនៅហៃទី បានថ្លែងថា តួលេខនេះជានិន្នាការដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់។
លោកស្រី Narayan បន្តថា ចំពោះក្មេងប្រុស ជារឿយៗត្រូវបានគេប្រើប្រាស់ជាអ្នកផ្តល់ព័ត៌មាន ព្រោះមិនងាយមានគេដឹង និងមិនត្រូវចាត់ទុកថា ជាការគំរាមកំហែង។
លោកស្រីបន្ថែមថា អ្នកខ្លះត្រូវបានផ្តល់អាវុធ និងបង្ខំឱ្យចូលរួមក្នុងការវាយប្រហារ ចំណែកក្មេងស្រី ត្រូវបង្ខំឱ្យធ្វើម្ហូប បោសសម្អាត និងធ្វើជាភរិយា សម្រាប់សមាជិកក្រុមជនអន្ធពាល។
បើតាមអង្គការសហប្រជាជាតិ បច្ចុប្បន្នតួលេខចន្លោះពី ៣០% ទៅ ៥០% នៃសមាជិកក្រុមជនអន្ធពាលទាំងអស់ក្នុងប្រទេសហៃទី គឺជាកុមារ។
កំណើននេះកើតឡើងនៅពេលដែលស្ថានភាពក្រីក្រកាន់តែដុនដាប និងអំពើហិង្សាកើនឡើង ស្របពេលមានអស្ថិរភាពនយោបាយ ហើយក្រុមជនអន្ធពាលដែលគ្រប់គ្រង ៨៥% នៃរដ្ឋធានីព័រអូប្រាំង បានបន្តវាយប្រហារលើសហគមន៍នានា ដើម្បីជំរុញកាន់កាប់រដ្ឋធានីទាំងមូល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
