ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​បាន​ចូលរួម​យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករ​និយោជិត

(ភ្នំពេញ)៖ ក្រុមសហជីពធំៗនៅកម្ពុជាលើកឡើងថា របបសន្តិសុខសង្គមផ្នែក​ថែទាំសុខភាពបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាល​មួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត។

លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើក​ឡើង​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែលបាន​ផ្តល់បណ្ណ​សមាជិក ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត គឺមានសារ​សំខាន់ណាស់​ជាពិសេសកម្មករដែលជាអ្នកមានជីវភាពខ្វះខាត។ អ្វីដែល​ពិសេសនោះគឺ​និយោជកដែលជាថៅកែរោងចក្រជាអ្នករ៉ាប់រងបង់ភាគទានជារៀងរាល់ខែសម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់​លើ​ការចំណាយ​ក្នុងជីវភាពប្រចាំខែរបស់ពួកគាត់។

លោកស្រីមើលឃើញថា សម្រាប់កម្មករនិយោជិតដែលជាសមាជិកប.ស.ស. អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបាន​សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃគ្រប់ពេលវេលា។ ការទទួលបានសេវាកម្ម​បែបនេះគឺមានឧត្តមប្រយោជន៍ខ្លាំងណាស់សម្រាប់កម្មករនិយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះជំរុញឱ្យកម្មករនិយោជិត​មានការ​យក​ចិត្តទុកដាក់លើសុខមាលភាពរបស់ពួកគាត់ច្រើនជាងពេលមុនៗ។

លោកស្រីបានសង្កត់ធ្ងន់ថា​ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់​បងប្អូនកម្មករនិយោជិតគឺជាការចូលរួមចំណែកយ៉ាងធំធេងលើការចំណាយផ្នែកថែទាំសុខភាពរបស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺគឺជា​បន្ទុក​មួយដ៏ធំសម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់មិនទៅពិនិត្យ​សុខភាពតែម្តង នៅមុនពេលដែលពួកគាត់គ្មាន​​​បណ្ណប.ស.ស.​កាលពីអតិត​កាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិការបានមួយចំណែក​ទុក​សម្រា​​ប់​ការចំណាយផ្សេងៗដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗ​ទៀត​ផងដែរ បន្ទាប់ពីពួកគេមានបណ្ណប.ស.ស. ដែលត្រូវបានរាប់រងដោយ​និយោជក​របស់ពួកគេ។

ចំណែក ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពី​អត្ថ​ប្រយោជន៍របស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពថា គឺជាគោល​នយោបាយក្នុងការលើកកម្ពស់សុខភាពរបស់បងប្អូនកម្មករនិយោជិតឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យ​សុខភាព​បានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិតអាចចូលរួមចំណែក​យ៉ាងសំខាន់ក្នុងការពង្រឹងជីវភាពនៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​គឺជា​គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការចំណាយលើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុងលើសេវាពិនិត្យ​សុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថាហេតុណាមួយ​របស់​បងប្អូនកម្មករនិយោជិត។

គួរបញ្ជាក់ផងដែរថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្តល់ការធានា​រ៉ាប់រង​លើផ្នែកសុខភាព ២៤ម៉ោង/២៤ម៉ោង សម្រាប់កម្មករនិយោជិតដូចជា៖ សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេល​សម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែក​វេជ្ជសាស្រ្ត, និងវិភាជន៍បូជាសព៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner