សហរដ្ឋអាម៉េរិកទុកឱកាសចុងក្រោយដល់តួកគី រហូតដល់ចុងខែកក្កដាខាងមុខ ពាក់ព័ន្ធនឹងការបញ្ជាទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកប្រកាសផ្តល់ឱកាសចុងក្រោយថ្មីមួយទៀតសម្រាប់តួកគី រហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ ដើម្បីជ្រើសរើសរវាងការទិញយន្តហោះចម្បាំងអាម៉េរិក និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិស្តីទីអាម៉េរិក លោក ផាតទ្រីគ សាណាហាន បានដាក់ចេញនូវសារលិខិតមួយ ដែលបានរៀបរាប់ពីកាលកំណត់នេះ ទៅកាន់រដ្ឋការពារជាតិតួកគី លោក ហ៊ូលូស៊ី អាកា ដែលមានន័យដដែលថា ទីក្រុងអង់ការ៉ាមិនអាចមានយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីទាំងពីរនោះទេ។

សូមជម្រាបថា ប្រទេសសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរនាក់ កំពុងជួបភាពតានតឹងខ្លាំងជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ ដោយសហរដ្ឋអាម៉េរិកបានអះអាងថា ប្រព័ន្ធសព្វាវុធយោធាទាំងពីរមិនមានភាពត្រូវគ្នា ហើយថែមទាំងអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខផងដែរ ហើយចង់ឱ្យតួកគីទិញប្រព័ន្ធប្រឆាំងយន្តហោះ Patriot ជំនួស S-400 វិញ៕ធ.ដ
