ចិនគ្រោងបាញ់សាកល្បងប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីទើបផ្គត់ផ្គង់ឲ្យថ្មីៗ នៅក្នុងខែមិថុនានេះ
ចិន៖ កងកម្លាំងប្រយុទ្ធរបស់កងទ័ពចិន នឹងធ្វើការបាញ់សាកល្បងនូវប្រព័ន្ធមីស៊ីល S-400 ផលិតដោយរុស្ស៊ី ដែលបានផ្គត់ផ្គង់ជំនួសមីស៊ីល ដែលខូចខាតនៅក្នុងអំឡុងដឹកជញ្ជូនមកប្រទេសចិនកាលពីចុងខែធ្នូ ឆ្នាំ២០១៧ នេះបើយោងប្រភពមួយនៅក្នុងក្រុមយោធា និងការទូត និយាយប្រាប់សារព័ត៌មានរុស្សី។

បើតាមប្រភពខាងលើនេះ យោធាចិនត្រូវគេរំពឹងថា នឹងរៀបចំធ្វើការតេស្តមួយ នៅកន្លែងបាញ់សាកល្បងមួយ ក្នុងអំឡុងពេល១០ថ្ងៃដំបូងនៃខែមិថុនានេះ ដើម្បីបាញ់តេស្តប្រព័ន្ធមីស៊ីល S-400 ‘Triumf ដែលរុស្ស៊ីផ្គត់ផ្គង់ឲ្យចិន នៅក្នុងខែមេសាកន្លងទៅ ជំនួសមីស៊ីលដែលខូចខាត ហើយដូចទៅនឹងការបាញ់តេស្តកាលពីឆ្នាំមុនដែរ គឺមីស៊ីលពីរគ្រាប់គ្រោងនឹងបាញសាកល្បងទៅលើគោលដៅមីស៊ីល ផ្លោង និងគោលដៅក្នុងដែនអាកាសដ៏មានថាមពល។

សូមរំលឹកផងដែរថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 តាមនាវាចំនួន៣គ្រឿងទៅឲ្យប្រទេសចិនដំបូងនៅចុងខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែនាវាមួយគ្រឿងបានរងការវាយប្រហារដោយព្យុះដ៏ខ្លាំងក្លា នៅផ្លូវទឹកEnglish Channel ហើយបានបង្ខំចិត្តវិលត្រឡប់មកកំពង់ផែដើមវិញ៕ធ.ដ
