អតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសអះអាងថា នៅពេលខ្លួនជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នឹងមិនទទួលយកកិច្ចព្រមព្រៀងនៃការចាកចេញរបស់អង់គ្លេសឡើយ
អង់គ្លេស៖ លោក Boris Johnson ដែលត្រូវបានគេចាត់ទុកថា ជាអ្នកនាំមុខគេក្នុងការដណ្តើមយកមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉េ នោះ បានថ្លែងអះអាងថា រូបលោកនឹងបដិសេធមិនទទួលយកកិច្ចព្រមព្រៀងនៃការចាកចេញរបស់អង់គ្លេស ឬ Brexit រហូតដល់សហភាពអឺរ៉ុបយល់ ព្រមលក្ខខណ្ឌនៃការដកខ្លួនចេញជាច្រើនទៀត។

អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ បានបញ្ជាក់ថា រូបលោកនឹងបោះ បង់ចោលបទបញ្ជាដ៏ចម្រូងចម្រាសមួយ សម្រាប់ព្រំដែនអៀរឡង់ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនៃការផ្តាច់ខ្លួនចេញនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា លោកស្រី ថេរ៉េសា ម៉ែ បានសម្រេចចិត្តលាលែងពីមុខតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយមកាលពីថ្ងៃសុក្រសប្តាហ៍មុនជាផ្លូវការ ហើយបានធ្វើឱ្យមានការប្រជែងដណ្តើមយកមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ដែលបច្ចុប្បន្នកំពុងត្រូវបានប្រជែងដោយលោក Johnson និងសមាជិកសភា១០រូបផ្សេងទៀត ប៉ុន្តែលោកស្រី ម៉េ នឹងនៅតែជានាយករដ្ឋមន្ត្រីរហូតទាល់តែមេដឹកនាំថ្មីត្រូវបានជ្រើសរើស៕ធ.ដ