វៀតណាមបង្កើតសំរាម៣០ម៉ឺនតោនពីការវេចខ្ចប់ទំនិញ ទិញតាមអនឡាញ
ពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសវៀតណាមបានបង្កើតកាកសំណល់វេចខ្ចប់ ឬ សំរាម ចំនួន ៣០ម៉ឺនតោន នៅក្នុងមួយឆ្នាំ ជាហេតុនាំឲ្យអ្នកជំនាញបង្ហាញពីការព្រួយបារម្ភជាខ្លាំង ពីបញ្ហាបរិស្ថាន។
កាកសំណល់វេចខ្ចប់ទាំងនេះ រួមមាន ក្រដាសកាតុង ធ្វើជាកេស, សារធាតុស្នោ និងប្លាស្ទិក ជាដើម នេះបើតាម លោក Doan Quoc Tam ទីប្រឹក្សារបស់អង្គការ World Wide Fund for Nature មានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយ នៅក្នុងវេទិកានិរន្តរភាព E-Commerce Trends នៃសិក្ខាសាលា Digital Era កាលពីពេលថ្មីៗនេះ។
លោកបានដកស្រង់ទិន្នន័យ សេវាប្រៃសណីយ៍ ដែលបង្ហាញថា នៅឆ្នាំ ២០២៣ គ្រាន់តែការវេចខ្ចប់ហ្វូមលាងមុខ និង ផលិតផលថែរក្សាសម្រស់ ដែលមានសរុបជាង ១.៨លានមុខ ដែលបញ្ជាទិញ តាមអនឡាញ ទាមទារក្រដាសកាតុង ធ្វើកេសចំនួន ១៦ម៉ឺនតោន, និងផ្លាស្ទិកចំនួន ១៤ម៉ឺន៥ពាន់តោន ។
លោកបានសង្កត់ធ្ងន់ថា ការទិញតាមអ៊ីនធឺណិត បង្កើតការបញ្ជាទិញរបស់តូចៗ និងតម្លៃទាប ជាច្រើនមុខ នាំឲ្យសមាមាត្រវេចខ្ចប់ទៅផលិតផ លគឺខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការលក់រាយ បែបប្រពៃណី។ លោក បានក៏សោកស្ដាយចំពោះ យុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារ ដូចជា ទំនិញតម្លៃ ១,០០០ ដុង ឬ ០.០៤ ដុល្លារអាមេរិក និងការដឹកជញ្ជូន ដោយឥតគិតថ្លៃ ជាដើម ដែលលើកទឹកចិត្តដល់ ទម្លាប់នៃការទិញទំនិញ មិនទទួលខុសត្រូវ លើបញ្ហាសំរាម។
លោក ស្រី Dang Thuy Ha នាយកតំបន់ភាគខាងជើង នៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NielsenIQ Vietnam បាននិយាយថា ការទិញទំនិញតាមអនឡាញ គឺជារឿងធម្មតាទៅហើយ នៅវៀតណាម ព្រោះ
មនុស្សជាញឹកញាប់ ធ្វើការសម្រេចចិត្តភ្លាមៗ នៅពេលដឹងថា ទិញរបស់ដែលមានតម្លៃថោក។ ពេលខ្លះ ពួកគេទិញច្រើនពេក រហូតដល់ភ្លេចថា បានបញ្ជាទិញ ហើយទាល់តែទំនិញទាំង មកដល់មុខផ្ទះ ទើបពួកគេដឹង ក៏មាន។
ទីផ្សារ e-commerce របស់វៀតណាម មានតម្លៃ ២២ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាទីផ្សារធំបំផុត លំដាប់ទីបី នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ 2024 e-Economy SEA។ ប៉ុន្តែ កង្វះលក្ខណៈវិនិច្ឆ័យច្បាស់លាស់ សម្រាប់ផលិតផល និងសេវាកម្មបៃតង រារាំងដល់កិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ការអនុវត្ត ប្រកបដោយនិរន្តរភាព នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។
ដើម្បីលើកទឹកចិត្តទីផ្សារ e-commerce ប្រកបដោយនិរន្តរភាព អ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលបង្កើតស្តង់ដារបៃតង និងគោលការណ៍ណែនាំ សម្រាប់អាជីវកម្ម។
ឆ្លើយតបនឹងរឿងនេះ លោកស្រី Le Hoang Oanh ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល បាននិយាយថា ស្ថាប័នរបស់ខ្លួន កំពុងធ្វើសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយនិរន្តរភាព។ លោកស្រី បញ្ជាក់ថា «គោលបំណងសំខាន់ គឺដើម្បីណែនាំទីផ្សារ e-commerce របស់វៀតណាមឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព ដោយតុល្យភាព ទាំងកត្តាសេដ្ឋកិច្ច សង្គម និង បរិស្ថាន»៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត