យុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម និង ស្ងួតរបស់សហគមន៍គឺអាចធានា នូវតម្លៃទីផ្សារបានល្អ
(ភ្នំពេញ)៖ ការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៥០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៥០ភាគរយ គឺអាចធានាបាននូវតម្លៃទីផ្សារស្វាយចន្ទីបានល្អ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្នុងដំណើរ ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានថ្លែងដោយលើកទឹកចិត្តដល់សមាជិកសហគមន៍ស្វាយចន្ទីទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ ។
សូមរំលឹកថាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង បានផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។
ដោយឡែក ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា៖ សន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទី នៅកម្ពុជាឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត។ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ ។
លោក អូន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាដោយគាំទ្រការលើកឡើងនិងការផ្តល់នូវអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងការដែលប្រជាសហគមន៍លក់គ្រាប់ស្វាយចន្ទីសើមនិងស្ងួតនេះពីព្រោះថាអាចបង្វិលទុនបានទាន់ពេលវេលា ។ សម្រាប់ស្វាយចន្ទីបច្ចុប្បន្នដែលប្រជាកសិករលក់នោះគឺភាគច្រើនស្រស់មានប្រមាណ ៦០ភាគរយ និង ស្ងួតលក់ចេញប្រមាណ ៤០ភាគរយ ។
លោក អូន ស៊ីឡុតបញ្ជាក់ឱ្យដឹងដែរថា៖មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09។
បើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន៕
ដោយ ៖ ម៉ាដេប៉ូ









