មន្ទីរបរិស្ថានខេត្តកណ្តាល រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»
(ខេត្តកណ្តាល)៖ មន្ទីរបរិស្ថានខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរខេត្ត ស្រុកកៀនស្វាយ ឃុំសំរោងធំ រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅក្នុងបរិវេណវិទ្យាល័យ សាន់ នីវូ សំរោងធំ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការនៃកងកម្លាំងទាំងបីរបស់ខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ ភូមិ ប្រជាការពារ សហភាពសហព័ន្ធយុវជនកម្ពុជា នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ សាន់ នីវូ សំរោងធំ តំណាងក្រុមហ៊ុន រោងចក្រ សិប្បករ អាជីវករ និងប្រជាពលរដ្ឋ ក្នុងគោលបំណងដ៏សំខាន់ គឺការកែប្រែទាំងផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីចូលរួម ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការអភិវឌ្ឍ និងការរស់នៅដោយចីរភាព ។
នៅក្នុងពិធីនេះដែរ មន្ទីរបរិស្ថានខេត្ត បាននាំយកនូវកូនឈើចំនួន ៦០ដើម សម្រាប់ដាំ និងចែកជូនយកទៅដាំបន្ត ជីកំប៉ុស្តិ៍ ៣ការ៉ុង ធុងសំរាម ១២ធុង អំបោសដងវែង ១៥ អំបោសថៃ ៥ ចូកសំរាម ១០ រនាស់ ៣ និងធុងទឹក ៣ ចែកជូនដល់ សាលាឃុំសំរោងធំ និងវិទ្យាល័យ ព្រមទាំងបានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក ដោយធ្វើការប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងធ្វើអនាម័យ ប្រមូលសម្អាត ក្នុងតំបន់ប្រារព្ធពិធីផងដែរ ដោយមានអ្នកចូលរួមសរុប ៨២០នាក់ ស្រី ៤៦០នាក់ ៕
ដោយ ៖ ង៉ាន់ ទិត្យ
















