នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ច្បាប់ហាមក្មេងៗលេងបណ្ដាញសង្គម នឹងការពារពួកគេពីឥទ្ធិពលអវិជ្ជមាន

កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស បានបញ្ជាក់ថា ច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម នឹងជួយការពារពួកគេពីឥទ្ធិពលអវិជ្ជមាន ហើយតម្រូវឱ្យវេទិកានានាទទួលខុសត្រូវក្នុងការធ្វើកិច្ចការនេះ។ 
 
លោក អាល់បានីស បានបញ្ជាក់យ៉ាងដូច្នេះថា បច្ចុប្បន្ន បណ្តាញសង្គមត្រូវតែមានទំនួលខុសត្រូវលើសុវត្ថិភាពកុមារជាមុនសិន។ ហើយយើងធានាថា នៅថ្ងៃខាងមុខ ឪពុកម្តាយនឹងជជែកជាមួយកូនៗអំពីរឿងនេះ។ យើងគាំទ្រឪពុកម្ដាយ ហើយនោះ ជាសាររបស់យើង។

ការអត្ថាធិប្បាយបែបនេះរបស់លោក អាល់បានីស ធ្វើឡើងស្របពេលដែលអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ មិនអោយប្រើប្រាស់បណ្តាញសង្គម។ បទប្បញ្ញត្តិនេះនឹងចូលជាធរមានចាប់ពីចុងឆ្នាំ ២០២៥។

សភាអូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា បាន អនុម័តច្បាប់ហាមមិនឲ្យកុមារមានអាយុក្រោម ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម។ ស្ថិតក្រោមច្បាប់នេះ តម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមប្រើប្រាស់វិធានការបច្ចេកទេស ដើម្បីសម្រេចបាននូវគោលដៅនេះ។
 
យ៉ាងណាមិញ បើទោះបីជាកុមារអាយុក្រោម ១៦ឆ្នាំ នឹងត្រូវហាមប្រាមមិនឱ្យប្រើប្រាស់បណ្ដាញសង្គមពេញនិយម មានដូចជា Facebook, TikTok, Instagram ឬ Snapchat ក៏ដោយ ប៉ុន្តែផលិតផលអប់រំមួយចំនួនដូចជា YouTube ឬ Google Classroom មិនត្រូវបានហាមឃាត់នោះទេ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner