មេដឹកនាំកំពូលរុស្ស៊ី និងចិនរិះគន់លើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាម៉េរិក
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជិនពីង បានរួមគ្នារិះគន់ទៅលើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាម៉េរិក ហើយ ថែមទំាងបានប្តេជ្ញាកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទំាងពីរផងដែរ ។
ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំនៅទីក្រុង សេន ភីធើស៍ប៊ឺក នៅក្នុថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បានរិះគន់ធ្ងន់ៗលើការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកមកលើរុស្ស៊ី និងចិន ដោយលោកលើកឡើងពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងគម្រោងបណ្តាញតភ្ជាប់បំពង់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ និងការដាក់សម្ពាធលើក្រុមហ៊ុន Huawei ដែលរូបលោកហៅថា ជាការបង្កសង្រ្គាមបច្ចេកវិទ្យា។
ចំណែកឯលោក ស៊ី ជិនពីង វិញ បាននិយាយថា ប្រទេសលោកនឹងខិតខំកសាងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយអត្ថប្រយោជន៍ ដោយឈរលើគោលការណ៍នៃភាពស្មើគ្នា និងការគោរពទៅវិញទៅមក ជាមួយបណ្តាប្រទេសជាមិត្ត ហើយចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗជាមួយគ្រប់ដៃគូរបស់ខ្លួន ជាពិសេសគឺបច្ចេកវិទ្យា 5G ៕ធ.ដ




