កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស គឺជាផ្នែកមួយនៃកម្មវិធីសិក្សាពង្រឹងស្មារតីរបស់សាលាប៊ែលធីអន្ដរជាតិ
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស គឺជាផ្នែកមួយនៃកម្មវិធីសិក្សាពង្រឹងស្មារតីរបស់សាលាប៊ែលធីអន្ដរជាតិដែលបច្ចុប្បន្ន មាន ២២សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ជាង៤ម៉ឺននាក់ ហើយតាមរយៈនៃការ ប្រកួតសំណេរជាភាសាអង់គ្លេសនេះដែរ គឺក្នុងបំណងធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិបាន។ នេះបើតាមការបញ្ជាក់របស់លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៅក្នុងឳកាស ការរៀបចំកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី៤ នៅសាលាប៊ែលធី អន្តរជាតិទី៩ស្ទឹងមានជ័យ នារសៀលថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះដែរ ក្រៅពីការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំសិក្សាលោក លី ប៊ុនឆៃ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក មានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស អាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយស្រួល តាមរយៈប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ។ ចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី 6.5 ដល់7.០ ប៉ុន្តែកំពុងសិក្សាថ្នាក់ចំណេះទូទៅ នៅសាលា ប៊ែលធី អន្តរជាតិគ្រប់កម្រិតថ្នាក់ នឹងទទួលបានអាហារូបករណ៍៥០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។ ចំណែកឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២៕