ការប្រកួតបាល់ទាត់សិស្សវិទ្យាល័យលើកទី១ ថ្ងៃទី២ ២ក្រុមសុទ្ធតែឈ្នះ ខណៈបឹងត្របែក ស្មើភ្នំពេញថ្មី

អត្ថបទដោយ៖
Kien Sereyvuth

ឈានចូលដល់ថ្ងៃទី២នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ក្រុម វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ ចាញ់ វិទ្យាល័យ ឬស្សីកែវ ៩ទល់០ នៅកីឡដ្ឋានបឹងកេត វិទ្យាយល័យ ជាស៊ីម សាមគ្គី ចាញ់ សាលា វេស្ទឡាញន៍ ២ទល់១ នៅទីលានវិទ្យាល័យច្បាអំពៅ ខណៈ វិទ្យាល័យបឹងត្របែក បានត្រឹមស្មើគ្នា ២ទល់២ ជាមួយ វិទ្យាល័យស.ហ.ស ភ្នំពេញថ្មី នៅទីលានវិទ្យាល័យ បឹងត្របែក. នារសៀលនេះ។
ចំពោះដំណើរការនៃការប្រកួតនឹងរៀបចំឲ្យមានការប្រកួតក្នុងដីនិងក្រៅដី សម្រាប់សប្តាហ៍ក្រោយ ក្រុមវិទ្យាល័យច្បាអំពៅ ត្រូវប៉ះ បឹងត្របែក នៅទីលានវិទ្យាល័យច្បាអំពៅ វិទ្យាល័យព្រះស៊ីសុវត្តិ ប៉ះឬស្សីកែវ  នៅកីឡដ្ឋានបឹងកេត វិទ្យាល័យចាក់អង្រែ ប៉ះវិទ្យាល័យស.ហ.ស ភ្នំពេញថ្មី នៅកីឡដ្ឋានបឹងកេត វិទ្យាយល័យ ជាស៊ីម សាមគ្គី ប៉ះ វិទ្យាល័យឥន្ត្រទេវី នៅទីលានច្បាអំពៅ ។
ដោយមានការអនុញ្ញាត និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានាទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋនិងឯកជន ។
បើតាមការបញ្ជាក់ពីគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតនេះគឺប្រើរូបមន្តវិលជុំសន្សំពន្ទុរ ដោយមានការប្រកួត ក្នុងដី និងក្រៅដី ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាក្រុមជើងឯកដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៦០លានរៀល ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៤០លានរៀល និងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ២០លានរៀល។
គូសបញ្ជាក់ថា ចំពោះរដូវកាលលើកទី១នេះមានក្រុមមកពីគ្រឹះស្ថានចំណេះទូទៅរដ្ឋ និងឯកជន សរុបចំនួន ៩ក្រុម ដែលត្រូវធ្វើការប្រកួត ចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ ។ ដោយការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT   និងក្រុមហ៊ុន Cambodia Airways ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner