ការស្ទង់មតិរបស់ស្ថាប័ន SSRS បង្ហាញថា លោក ដូណាល់ ត្រាំ ទំនងជាឈ្នះឆ្នោត មួយអាណត្តិទៀតនៅឆ្នាំ២០២០
សហរដ្ឋអាម៉េរិក៖ ការស្ទង់មតិរបស់ស្ថាប័ន SSRS ដែលជាក្រុមហ៊ុនផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារបានបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើនគិតថា លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខនេះ។

បើតាមការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០១៨ ប្រជាជនអាម៉េរិកដែលប្រឆាំងនឹងលោក ដូណាល់ ត្រាំ ៨១ភាគរយគិតថា លោកនឹងចាញ់នៅក្នុងការបោះឆ្នោត ខណៈបច្ចុប្បន្នចំនួននេះ ធ្លាក់មកនៅត្រឹម៦៧ភាគរយ។ ចំណែកឯអ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ ៨៥ភាគរយនៃពួកគេនិយាយថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតិអាម៉េរិកក្នុងអាណត្តិទី២ ហើយមកឆ្នាំ២០១៩នេះវិញ ចំនួនបានកើនដល់រហូតដល់៨៨ភាគរយ។

ការស្ទង់មតិរបស់ស្ថាប័ន SSRS របស់បង្ហាញដែរថា ពលរដ្ឋអាម៉េរិកយល់ថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី២ គឺមានចំនួនច្រើនជាងប្រជាជនអាម៉េរិក ដែលធ្លាប់និយាយថា លោក បារ៉ាក់ អូបាម៉ា នឹងជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី២ កាលពីឆ្នាំ២០១១៕ធ.ដ
