តុលាការនឹងប្រកាសសាលក្រមសំណុំរឿង «ចំប៉ីខ្មៅ» ពីបទញុះញង់ឲ្យមានការរើសអើង នៅថ្ងៃទី២០មិថុនា ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលា ដំបួងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់ឲ្យមានការរើសអើង។ ក្នុងសវនាការ នៅចំពោះមុខតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លងមក។

គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទ រូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមបទចោទញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា បន្ទាប់ពីសាកសួរដេញដោល អស់ជាច្រើនម៉ោង តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner