លោក ដូណាល់ ត្រាំ ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត និងព្រះអង្គម្ចាស់ ឆាល អំឡុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស

អង់គ្លេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចនៅអង់គ្លេសនោះ ត្រូវបានគេរំពឹងទុកថា នឹងទាមទារឲ្យរដ្ឋាភិបាលក្រុងឡុងដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ពីការផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ នេះដែរ ក៏កំពុងប្រឈមនឹងការធ្វើបាតុកម្មតវ៉ាយ៉ាងកក្រើកពីសំណាក់ប្រជាជនអង់គ្លេស នៅពាសពេញទីក្រុងឡុងដ៍ ផងដែរ។

សូមជម្រាបថា ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍ដោយម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែត និងព្រះអង្គម្ចាស់ ឆាល ហើយនៅថ្ងៃទីពីរ លោក ត្រាំ នឹងងាកទៅផ្តោតលើរឿងនយោបាយវិញម្តង តាមរយៈកិច្ចជជែកពិភាក្សានៅក្នុងវិមានរដ្ឋាភិបាលអង់គ្លេស ដោននីង ស្ទីត ការធ្វើសន្និសីទកាសែត និងការទទួលទានអាហារពេលល្ងាច ដែលអាចមានវត្តមានបណ្តាបេក្ខភាព ដែលនឹងត្រូវបន្តតំណែងពីនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉េ។

ក្រៅពីការធ្វើ ព្រីហ្ស៊ីត ឬដំណើរការដកអង់គ្លេសចេញពីសហភាពអឺរ៉ុបនោះ បញ្ហាទាក់ទងនឹងក្រុមហ៊ុន Huawei ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សារបស់លោក ត្រាំ នៅទីក្រុងឡុងដ៍ ផងដែរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស ហាក់បានប្រឆាំងនឹងការទាមទាររបស់រដ្ឋបាលលោក ហើយអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលរួមចំណែកខ្លះក្នុងកិច្ចកសាងបណ្តាញ 5G របស់ខ្លួន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner