ប្រមុខការពារជាតិសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ធ្វើកិច្ចពិភាក្សាទ្វេភាគី ស្តីពីសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក រៀបចំកិច្ចពិភាក្សារួមគ្នាមួយនៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយផ្តោតសំខាន់លើស្ថានភាពសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េ នេះបើយោងតាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

ប្រភពដដែលបន្តថា រដ្ឋមន្រ្តីការពារជាតិស្តីទីអាម៉េរិកលោក ផាកទ្រីគ សាណាហាន និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ បានធ្វើការចែករំលែកការវាយតម្លៃរបស់ពួកលោកទៅវិញទៅមក ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ ប្រមុខការពារជាតិប្រទេសទាំងពីរថែមទាំងបានអះអាងផងដែរ អំពីការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតទ្វេភាគី ដើម្បីព្យាយាមលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជាដោះស្រាយដោយសន្តិភាព។

បន្ថែមលើនេះ លោក ជុង និងលោក សាណាហាន ថែមទំាងបានព្រមព្រៀងគ្នាពង្រឹងកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗ ក្នុងនោះរួមមានទាំងការចែករំលែកព័ត៌មានស្តីពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner