រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៊ិកអះអាងថា ការគំរាមដំឡើងពន្ធពីសំណាក់សហរដ្ឋអាម៉េរិក នឹងបំផ្លាញដល់វិស័យការងាររបស់ប្រទេសទាំងពីរ
ម៉ិកស៊ិក៖ ការគំរាមដំឡើងពន្ធលើផលិតផលនាំចូលពីម៉ិកស៊ិក ពីសំណាក់លោក ដូណាល់ ត្រាំ នឹងបង្កផលប៉ះពាល់ដល់រដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក ព្រមទាំងបំផ្លាញដល់វិស័យការងារដល់ប្រទេសទាំងពីរ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោកស្រី ហ្គ្រេស៊ីឡា ម៉ាកេស។

កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធ០៥ភាគរយលើផលិតផលទាំងអស់ ដែលនាំចូលពីម៉ិកស៊ិក ហើយនីតិវិធីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១០ ខែមិថុនា រហូតទាល់តែបញ្ហាអន្តោប្រវេសន៍រវាងប្រទេសទាំងពីរត្រូវបានដោះស្រាយ។

ដោយឡែកការលើកឡើងខាងលើរបស់លោក ម៉ាកេស បានកើតមានឡើងក្រោយរដ្ឋមន្ត្រីកសិកម្មម៉ិកស៊ិក លោក វិចទ័រ វីលឡាឡូបូស បានពន្យល់អំពីបញ្ហានេះថា គម្រោងដំឡើងពន្ធនាំចូលរបស់លោក ត្រាំ នឹងបំផ្លាញដល់វិស័យកសិកម្មរវាងប្រទេសទាំងពីរ គិតទឹកប្រាក់ស្មើនឹង១១៧លានដុល្លារក្នុងមួយខែ៕ធ.ដ

