ចិននឹងផ្តល់ជូនទិន្នន័យផ្កាយរណប សម្រាប់បណ្តាប្រទេសដែលចូលរួមក្នុង គំនិតផ្តួចផ្តើមអំពីក្រវាត់ និងផ្លូវ
ចិន៖ មន្ដ្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលឧតុនិយមផ្កាយរណបជាតិរបស់រដ្ឋបាលឧតុនិយមចិន បាននិយាយថា ចិននឹងផ្តល់សេវាទិន្នន័យតាមតម្រូវការ សម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយ តាមរយៈផ្កាយរណបឧតុនិយមហ្វឹងយន់ របស់ខ្លួនសម្រាប់បណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។ សេវាកម្មនេះ នឹងត្រូវបានផ្តល់ជូនដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិរបស់ប្រទេសចំនួន៨១។

គិតត្រឹមចុងខែមេសាកន្លងទៅនេះ ប្រទេសចំនួន២២ ក្នុងនោះរួមមានទាំងអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ង់ រុស្ស៊ី លីប៊ី និងស៊ូដង់ បានឆ្លើយតបទៅនឹងការស្ទង់មតិនេះ ដោយប្រទេសទាំងអស់នោះ បានបញ្ជាក់ថា ពួកគេចង់ដំឡើងកម្មវិធីសូហ្វវែរបស់ផ្កាយរណបហ្វឹងយន់ សម្រាប់ការព្យាករណ៍អាកាសធាតុ ក៏ដូចជាការត្រួតពិនិត្យអាកាសធាតុ និងបរិស្ថាន។

ទន្ទឹមគ្នានោះដែរ បណ្តាប្រទេសទាំងនេះ ក៏បានស្នើសុំសេវាជាច្រើនផងដែរ ជាពិសេសក្នុងការត្រួតពិនិត្យភ្លៀងធ្លាក់ ភាពរាំងស្ងួត ព្យុះធូលី អ័ព្ទធ្ងន់ និងរន្ទះ បន្ថែមពីលើវគ្គហ្វឹកហាត់ស្តីពីការវិភាគទិន្នន័យផ្កាយរណបភូមិសាស្ត្រផ្កាយរណប កម្មវិធីស្វែងរកពីចម្ងាយ និងការប្រមូលទិន្នន័យ ដោយសារតែប្រទេសជាច្រើននៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ គឺមានភ្នំខ្ពស់ៗ វាលខ្សាច់ មហាសមុទ្រ និងកង្វះខាតព័ត៌មានឧតុនិយម៕ធ.ដ
