សម្តេចប្រធានរដ្ឋសភាបញ្ជាក់ថា សភាកម្ពុជាគាំទ្រប្រទេសទីម័រចូលជាសមាជិក អាស៊ាន និងសមាជិក សភាអាយប៉ាក្នុងក្របខ័ណ្ឌអាស៊ាន
នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃអង្គារទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ឌីយ៉ូនីស្យូ ដាកូស តា បាបូសូរេស (Dionisio da Cost a Babo Soares) រដ្ឋមន្រ្តីក្រសួងការបរ ទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបពិភាក្សាការងារ។
បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ នឹងរួមចំណែកពង្រឹង និងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-ទីម័រឡេស្តេ ឲ្យបានកាន់តែប្រសើរឡើងថែម មួយកម្រិតទៀត។ 
សម្តេចបានលើឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមន៍អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវត្តឥតឈប់ឈរ។ សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ ថាប្រទេសទំាងពីរ កម្ពុជា-ទីម័រឡេស្តេ មានកិច្ច សហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ហើយតែងតែបានគំាទ្រគ្នាទៅវិញ ទៅមក លើវេទិកា អន្តរជាតិនានា ទំាងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិ ទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិ ភាពក្នុងតំបន់ និងសកលលោកផងដែរ។ រដ្ឋសភាកម្ពុជា គាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ទីម័រឡេស្តេ) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ វិស័យនានា ជាអាទិ៍៖ កសិកម្ម ពាណិជ្ជកម្ម ថាមពល ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជារីករាយក្នុងការរួមចំណែកជាមួយប្រទេស សមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងគោលដៅបង្រួញគម្លាតនៃការអភិវឌ្ឍប្រទេសក្នុងតំបន់ ជាពិសេសការធ្វើសមាហរណកម្មតំបន់។ តាមរយៈទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាមានជំនឿថា កម្ពុជា-ទីម័រឡេស្តេ នឹងបង្កើនទំនាក់ទំនងល្អដែលមានស្រាប់ ជាមួយគ្នាថែមទៀតលើច្រើនវិស័យ និងប្រាថ្នាចង់ ឃើញរដ្ឋាភិបាលប្រទេសទាំងពីររួមគ្នាពិចារណាបង្កើន កិច្ចសហប្រតិបត្តិការឲ្យបានកាន់តែច្រើនថែមទៀត។ នៅក្នុងជំនួបនៅដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបញ្ជាក់ថា សភាកម្ពុជាគាំទ្រប្រទេសទីម័រ ចូលជាសមាជិកអាស៊ាន និងសមាជិក សភាអាយប៉ាក្នុងក្របខ័ណ្ឌអាស៊ាន៕ម.ន

