មន្រ្តីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារនៅក្នុងសាលារៀន និងផ្សារម៉ាតសរុប៣កន្លែងរកឃើញផលិតផលម្ហូបអាហារគ្មានសុវត្ថិភាពមួយចំនួនធំ
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារ នៅក្នុងសាលារៀន និងផ្សារម៉ាតសរុប៣កន្លែងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានរកឃើញផលិតផលចំណីអាហារគ្មានសុវត្ថិភាពរួមមាន ការ៉េម នំកញ្ចប់ ភេសជ្ជៈ នំស្រួយ ស្ករគ្រាប់ នំសូកូឡា នំស្នូលធុរ៉េន កម្ទេចមីកញ្ចប់ ទឹកក្រូច ដែលស្មើ នឹង១៥គីឡូក្រាម ហើយធ្វើការដកហូតយកទៅរក្សាទុករងចាំដុតកំទេចចោលបញ្ចៀសផលប៉ះពាល់សុខភាពសិស្ស និងសុខភាពប្រជាពលរដ្ឋ។មន្រ្តីជំនាញចុះត្រួតពិនិត្យនៅវិទ្យាល័យសិរីសោភ័ណ បឋមសិក្សា ហ៊ុន សែន សូភី និងផ្សារហ្ក្រេនម៉ាត ស្ថិតនៅចំណុចផ្លូវលេខ១ សង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អនុប្រធានមន្ទីរពិសោធន៍នៃសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ លោក យ៉ាត ចាន់ណា ដែលជា តំណាងប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជសារ៉ាវុធ បានប្រាប់ឱ្យដឹងថា មន្រ្តីជំនាញចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលចំណីអាហារ តាំងលក់នៅក្នុងសាលារៀន គឺក្នុងគោលបំណងដើម្បីពង្រឹង សុវត្ថិភាព ផលិតផលចំណីអាហារសម្រាប់សិស្សទិញទទួលទាន ប្រកបដោយគុណភាព និងមានអនាម័យល្អ ។
ពីព្រោះថានៅខេត្តបន្ទាយមានជ័យ កន្លងមកធ្លាប់កើតមានករណីពុលអាហារនៅក្នុងសាលារៀនមួយចំនួនរួចមកហើយដែលនាំកើតក្តីកង្វល់ពីសំណាក់អាណាព្យាបាល។
អនុប្រធានមន្ទីរពិសោធន៍នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក យ៉ាត ចាន់ណា ប្រាប់ឱ្យដឹងទៀតថា ក្នុងការចុះត្រួតពិនិត្យនោះផងដែរ មន្រ្តីជំនាញក៏បានអប់រំណែនាំ និងពន្យល់ដល់អ្នកលក់នៅក្នុងសាលារៀនទាំង២ខាងលើឱ្យចេះមើលថ្ងៃខែឆ្នាំ ហួសសុពលភាពប្រើប្រាស់ទំនិញ និងណែនាំឱ្យរៀបចំទុកដាក់លក់ទំនិញអាហារឱ្យមានអនាម័យល្អ ដើម្បីធានាសុវត្ថិភាពដល់ការទទួលទានរបស់សិស្ស។
ទន្ទឹមនោះមន្រ្តីជំណាញក៏បាន ទៅពិនិត្យផលិតផលចំណីអាហារនៅក្នុងផ្សារម៉ាតមួយកន្លែងទៀតមានឈ្មោះ ហ្រ្កេន ម៉ាត មន្រ្តីជំនាញក៏បានរកឃើញផលិតចំណីអាហារគ្មានសុវត្ថិភាពមួយចំនួនទៀតផងដែរ ត្រូវបានមន្រ្តីជំនាញដកហូតហើយណែនាំ និងឱ្យធ្វើកិច្ចសន្យាម្ចាស់ផ្សារម៉ាតឱ្យត្រួតពិនិត្យការតាំងលក់ទំនិញក្នុងហាងជាច្រចាំចៀសវាងលក់ទំនិញទុកចោលយូរហួសសុពលភាព នៅពេលប្រជាពលរដ្ឋទិញមិនបានដឹងយកទៅទទួលទានបង្កផលប៉ះពាល់ដល់សុខភាព៕ធ.ដ
សំ វិច្ឆិកា