កិច្ចជួបពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប និងខេត្ត ឃ្យុងគី និងពិធីប្រគល់រថយន្ត

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ រថយន្តសង្គ្រោះចំនួន ៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង និងរថយន្តបូមទឹក ១គ្រឿង ដែលជាអំណោយរបស់ខេត្ត ឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលជាខេត្តសម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាប ត្រូវបានធ្វើពិធីចុះហត្ថលេខា ប្រគល់ទទួលនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម  KIM Won-ki អនុប្រធានសភាប្រចាំខេត្ត ឃ្យុងគី និងសហការីផងដែរ ។

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ជូនដល់គណៈប្រតិភូ ដែលជាខេត្តចងសម្ព័ន្ធ មេត្រីភាពនឹងគ្នា អំពីស្ថានភាព ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បាន លើកពីសក្តានុពលរបស់ខេត្ត គឺពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ដោយប្រជាពលរដ្ឋប្រមាណ ៨២%ជាប្រជាកសិករ ។

រដ្ឋបាលខេត្តសៀមរាប បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ជាមួយខេត្តចំនួន៣ បន្ទាប់ពីខេត្តសម្ព័ន្ធមេត្រីជុងចុងណាំដូ  ក្រុងស៊ូវ៉ុន គឺមានខេត្តសម្ព័ន្ធមេត្រី ឃ្យុងសាំងប៊ុកដូ ខេត្តកាងវ៉ុន និងខេត្ត ឃ្យុងគី នៃសាធារណរដ្ឋកូរ៉េផងដែរ ។ ជាមួយគ្នា នោះ  ចំពោះអំណោយរថយន្តសង្រ្គោះ ពន្លត់អគ្គីភ័យ និងបូមទឹក ដែលត្រូវបានធ្វើពិធី ចុះហត្ថលេខាប្រគល់ និងទទួលនាពេលនេះ គឺជាចំណងដៃថ្មី នៃខេត្តសម្ព័ន្ធមេត្រីភាព ឃ្យុងគី និងខេត្តសៀមរាបផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បន្តទៀតថា សមទ្ធិផលទាំងនេះ ក៏បានធ្វើឲ្យចំណងមិត្តភាព នៃកិច្ចទំនាក់ ទំនង សហប្រតិបត្តិការរវាងខេត្តទាំងពីរ កាន់តែមានភាពរឹងមាំឡើងថែមទៀត ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការថ្លែង នូវអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សំខាន់ថ្នាក់ដឹកនាំ មន្ត្រី និងប្រជាពលរដ្ឋជាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាប ដែលតែងតែរួមកិច្ចសហការល្អនឹងគ្នា លើគ្រប់វិស័យ សំខាន់វិស័យកសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងវប្បធម៌ ព្រមទាំងការផ្តល់នូវអាហារូបករណ៍ និងការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេស ហើយសមិទ្ធផលដែលប្រជាពលរដ្ឋខេត្តសៀមរាបទទួលបាននោះ គឺកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោម ស៊ូវ៉ុន និងសមិទ្ធផលឯទៀត នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តទៀតផង ។

ឯកឧត្តមក៏បានសំណូមពរ មួយចំនួន ដល់ខេត្តសម្ព័ន្ធមេត្រីភាព ក្នុងការជម្រុញដល់អ្នកវិនិយោគនៅខេត្តឃ្យុងគី ចូលមកវិនិយោគនៅកម្ពុជា សំខាន់ ខេត្តសៀមរាប លើវិស័យទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋ ចូលមកធ្វើទេសចរណ៍នៅខេត្ត សៀមរាបផងដែរ ។ ក្នុងនោះដែរឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រាប់ជូនដល់ប្រតិភូផងដែរ អំពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ក្នុងការបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម  KIM Won-ki ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដី ប្រវត្តិសាស្ត្រខេត្តសៀមរាបនាពេលនេះ គឺកាត់តែធ្វើឲ្យចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តឃ្យុងគី និងខេត្តសៀមរាប កាន់ តែចាក់គ្រឹះស៊ីជម្រៅនឹងគ្នាទ្វេរឡើង ។ ឯកឧត្តមបានលើកឡើងថា ខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានវប្បធម៌ដ៏ចំណាស់ ហើយត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ដែលជាដួង ព្រលឹងជាតិកម្ពុជា ។

ឯកឧត្តមក៏បានបន្តទៀតថា នេះជាសមិទ្ធផលនៃគ្រាដំបូង ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា ដែលជា ចំណងដៃថ្មីរវាងខេត្តយើងទាំងពីរ ហើយក៏ជាការចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបផងដែរ ។ ក្នុងនោះ ឯកឧត្តមក៏បានលើកពីស្ថានភាពភូមិសាស្ត្រ របស់ខេត្តឃ្យុងគី និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងខេត្ត ហើយដែលជា ខេត្តបេះដូងសេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េទៀតផង ។ 

ឯកឧត្តមបានបន្តថា ការប្រគល់រថយន្តនាថ្ងៃនេះ ក៏ជាការលើក កម្ពស់នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគ្នា ព្រមទាំងការពង្រឹងនូវសុវត្ថិភាពអគ្គីភ័យរបស់ប្រទេសជាម្ចាស់ផ្ទះ និងការប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ប្រទេស កំពុងតែអភិវឌ្ឍន៍ ។ ចំពោះការប្រគល់រថយន្តអគ្គីភ័យនេះ ក្នុងការការពារនូវទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ ប្រជាពលរដ្ឋ និង ជួយបង្កើនលើកកម្ពស់សុវត្ថិភាពនៅខេត្តសៀមរាបទៀតផង ។ ឯកឧត្តមបានសង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈការប្រគល់រថយន្ត និង បានលើកកម្ពស់ចំណងមិត្តភាពរវាងគ្នា ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការ និងផ្លាស់ប្តូរក្នុងវិស័យជាច្រើនទៀតផង ៕ធ.ដ

ដោយ  ស៊ាន  សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner