អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ត្រីរួមគ្នាអប់រំប្រជាពលរដ្ឋ ឱ្យបើកបរគោរពច្បាប់ ដើម្បីកាត់បន្ថយអត្រា មរណៈដោយសារគ្រោះថ្នាក់ចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណកម្មការសុវត្តិភាពចរាចរផ្លូវគោក បានក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់នៅទូទាំងខេត្ត ខិតខំព្យាយាម អប់រំ ពន្យល់ដល់ប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងឡាយ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាមរណៈដោយសារតែគ្រោះថ្នាក់លើដងផ្លូវដែលកើតឡើងមិនឈប់ឈរនេះ។

ការថ្លែងលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុង «ទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរផ្លូវគោកលើកទី១២» ដែលមានមហាជនចូលរួមប្រមាណជាង១៣០០នាក់ នៅក្នុងវត្តម្យុំខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ដើម្បីរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរឱ្យបានទាំងអស់គ្នា ចូរយើងជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ ខិតខំផ្លាស់ផ្តូរឥរិយាបទ ងាកមកគោរពច្បាប់ អប់រំក្រើនរំលឹកជាប្រចាំដល់ខ្លួនយើងរាល់ពេលបើកបរ បើកបរឱ្យមានការអធ្យាស្រ័យគ្នាជាប្រចាំ។ ដូច្នេះ ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យខេត្តកំពង់ស្ពឺ ជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំគ្នាគោរពច្បាប់ចរាចរ កុំបើកបរបំពានច្បាប់ ត្រូវគោរពច្បាប់ចារចរផ្លូវគោកគ្រប់ពេលដែលយើងកាន់ដៃចង្កូត ហើយត្រូវពាក់មួកសុវត្តិភាពឱ្យបានគ្រប់ៗគ្នា និងត្រូវយល់ថា មួកមួយការពារជីវិតយើងបានម្នាក់ដែរ។

យោងតាមរបាយការណ៍របស់លោក ហុង ចាន់ សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩ គ្រោះថ្នាក់ចារចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ កើតឡើង៤៨លើក/៣៥លើក កើនឡើង១២លើក បណ្តាលឱ្យស្លាប់មនុស្ស៤១នាក់/ក្នុង២៣នាក់ កើនឡើង៩នាក់ របួសធ្ងន់៤១នាក់/ក្នុង៣៤នាក់ កើនឡើង៧នាក់ របួសស្រាល២៧នាក់/២៧នាក់ សរុបការខូចខាត១០២គ្រឿង/៧១គ្រឿង កើនឡើង៣១គ្រឿង។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពី បើកបរមានល្បឿនលឿនហួសកំណត់ បើកឆ្លងកាត់មិនគោរពសិទ្ធិអាទិភាព បើកវ៉ាជ្រែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកក្នុងស្ថានភាពស្រវឹងផងដែរ។
សូមជម្រាបដែរថា ទិវាសប្តាហ៍ជាតិសុវត្តិភាពចរចរផ្លូវគោកនេះ ជាព្រឹត្តការណ៍ដែលផ្តួចផ្តើមដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឱ្យប្រទេសជាសមាជិករៀបចំក្នុងកំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner