លួច IPad គេហើយ បែរជានិយាយថាច្រឡំដៃយកទៅវិញ
ភ្នំពេញ៖ មហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការស្រាវជ្រាវ ព្រោះតាមរយៈឃ្លីប វីដេអូ មន្ត្រីនគរបាលម្នាក់ដែលលួចIPad គឺឃើញពីចេតនាទុច្ចរិតច្បាស់ក្រឡែត ក្នុងសកម្មភាពលួចយករបស់គេ មកធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយវីដេអូឃ្លីបនេះ សូម្បីតែម្ចាស់IPad និយាយរៀបរាប់ពីសកម្មភាពជននេះ រកឱកាសលួចដែរ។

ទោះបីយ៉ាងណា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិថ្លែងថា “បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលរូបនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ”។ យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ម្សិលមិញ នេះ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ “រស្មី សាមគ្គី”ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញ Facebook។ បទល្មើស លួច តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ចែងថា“អំពើលួច គឺជាអំពើដកហូត ដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកធ្វើ ជាកម្មសិទ្ធិរបស់ខ្លួន”។ បទល្មើសនេះ កំណត់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕ធ.ដ