នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដាក់ចេញផែនការយុទ្ធសាស្ត្រចំនួន៧ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៣០ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក David Kaatrud នាយកអង្គការ កម្មវិធីស្បៀងអាហារពិភពលោក (World Food Program) នៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី Francesca Erdelmann នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សានេះ មានគោលបំណងសម្តែងការគួរសម និងជម្រាបជូនពីការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តថ្មីសម្រាប់កម្ពុជា ២០១៩-២០២៣ (The New Country Strategic Plan, 2019-2023)។

លោក David Kaatrud បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខេបថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានកំណត់យកសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាប្រធានបទអាទិភាពសម្រាប់ឆ្នាំ ២០១៩-២០២៣។ លោកក៏បានបញ្ជាក់ផងដែរថា តាមរយ:ផែនការយុទ្ធសាស្ត្រថ្មីនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក នឹងជួយឧបត្ថម្ភគាំទ្រដល់៖ ទី១)ការផ្តល់អាហារដែលផលិតក្នុងស្រុកឲ្យសិស្សនៅសាលារៀន ទី២)ប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារប្រកបដោយចីរភាព និងនិរន្តភាព ទី៣)ការកាត់បន្ថយហានីភ័យ និងការគ្រប់គ្រង ទី៤)ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ទី៥)អភិបាលកិច្ចលើសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការគាំពារសង្គម ទី៦)សេវាផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងទី៧)ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគោលនយោបាយដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងឧបត្ថម្ភស្បៀង និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ សហគមន៍នៅទូទាំងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩។ ឯកឧត្ដម បានជម្រាបជូនផងដែរ អំពីកំណើននៃផលិតកម្មស្បៀង ដែលក្រសួងសម្រេចបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកមានដូចជាស្រូវ ដំឡូង និងពោត ដែលផលិតកម្មទាំងនោះ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានយ៉ាងល្អប្រសើរ។

ចំពោះគម្រោងថ្មីរបស់អង្គការកម្មវិធីស្បៀងពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រថ្មីសម្រាប់កម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌ក្នុងការធានា និងកាត់បន្ថយភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ដែលសកម្មភាពនេះពិតជាបានឆ្លើយតបទៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលថារាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ។

ឯកឧត្តម បានសំណូមពរឲ្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដៃគូអភិវឌ្ឍផ្សេងៗទៀត គួរពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ប្រជាកសិករ និងសហគមន៍ក្នុងការធ្វើកសិកម្មចម្រុះ និងផលិតកម្ម ដែលមានសក្កានុពលខ្ពស់ដូចជាចិញ្ចឹមសត្វ និងសាកវប្បកម្ម ជាពិសេសចិញ្ចឹមគោយកទឹកដោះនៅក្នុងសហគមន៍ ដើម្បីជួយដល់សុខភាព និងការរីកលូតលាស់របស់កុមារតូច ហើយអាចជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទ នៃកំណើនសេដ្ឋកិច្ច ដោយកត្តាទាំងអស់នេះ នឹងលើកស្ទួយអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព៕ធ.ដ

