អង្គការស្បៀងអាហារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល កម្ពុជា លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ លោក ដេវីត កាទ្រូដ (David Kattrud) នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការស្បៀងអាហារពិភពលោក (WFP) ដែលត្រូវបញ្ចប់បេសកកម្មនៅទីស្នាក់ការទីក្រុងបាងកក ប្រទេសថៃ និងត្រូវប្តូរទៅធ្វើការនៅទីស្នាក់កណ្តាលរបស់អង្គការស្បៀងអាហារពិភពលោកនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីវិញនោះ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គម ជនក្រីក្រ និងជនងាយរងគ្រោះ និងបានធ្វើឲ្យមានភាពរីកចម្រើនលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភផងដែរ។ ជំនួបនេះធ្វើឡើងនៅនាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុម ប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទផងដែរ។

លោក ដេវីត កាទ្រូដ (David Kattrud) មានប្រសាសន៏បន្តថា លោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៧%ក្នុង១ឆ្នាំ ហើយរាជរដ្ឋាភិបាលបានវិនិយោគ យ៉ាងច្រើនលើកិច្ចគាំពារសង្គម។ លោកថា គោលបំណងរបស់លោកមកកម្ពុជាលើកនេះ គឺចង់ ជម្រាបជូនពីយុទ្ធសាស្ត្ររបស់អង្គការស្បៀងអាហារពិភពលោកក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលបានអនុម័តរួចហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ និងត្រូវដាក់ឲ្យអនុវត្តសម្រាប់ប្រទេសនានាលើពិភពលោក រួមទាំងកម្ពុជាផង ហើយយុទ្ឋសាស្ត្រនេះ វាក៏ស្របទៅនឹងយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជាផងដែរ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ពិសេសតួនាទីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធ ហើយក៏ជាដៃគូដ៏ល្អរបស់ អង្គការស្បៀងអាហារពិភពលោកនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណចំពោះអង្គការស្បៀងអាហារពិភពលោកដែលបានជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការសម្រេចបានជោគជ័យលើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម រួមជាមួយភាគីពាក់ព័ន្ឋទាំងអស់។ ម្យ៉ាងទៀត អង្គការស្បៀងអាហារពិភពលោកក៏ជាសមាជិកមួយនៅក្នុងក្រុមការងារបច្ចេកទេស ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការពិភាក្សាលើការរៀបចំគោលនយោបាយនានាពាក់ព័ន្ឋនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានតម្កល់សុខុមាលភាពប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពសង្គម សេដ្ឋកិច្ចប្រកដដោយចិរភាព។ កត្តាទាំងនេះ បានជំរុញឲ្យក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការសម្របសម្រួល និងដឹកនាំអនុវត្តលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងបាញ់ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យមានសមធម៌ យុត្តិធម៌ក្នុងសង្គម និងលើកកម្ពស់សុខភាពមាតា និងទារក តាមរយៈកិច្ចគាំពារសង្គម។ ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឲ្យកម្មករ កម្មរិនីទាំងអស់ ទាំងក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ឋ និងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ អាចពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋ ស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូននឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល បើកូនភ្លោះ២ ទទួល៨០ម៉ឺនរៀល បើភ្លោះ៣ នឹងទទូលបាន១២០ម៉ឺនរៀល ព្រមទាំងបានឈប់សម្រាក់រយៈពេល៣ខែដោយទទួលបានប្រាក់ឧបត្ថម្ភ១២០% នៃប្រាក់ខែ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការស្បៀងអាហារពិភពលោក បន្តជួយដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាបន្តទៀត។

ជាការឆ្លើយតប លោក ដេវីត កាទ្រូដ មានប្រសាសន៍ថា អង្គការស្បៀងអាហារពិភពលោក នឹងបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទាំងថវិកា និងបច្ចេកទេសជាបន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner