ឯកឧត្តម ស សុខា ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ពិនិត្យឡើងវិញពីតួនាទីគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជម្រើសរើសជាតិ ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ របស់ក្រសួងអប់រំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯ ឧ ស សុខា រដ្ឋលេខាធិការតំណាង ឯ ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យសមាសភាព គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ដែលសហព័ន្ធកីឡាជាតិទាំង៣៤ និង១ក្រុមកីឡាជនពិការ លើការស្នើសុំប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ដើម្បីធ្វើការហាត់ហ្វឹកហ្វឺនបង្កើនគុណផល ត្រៀមលក្ខណៈសម្បត្តិចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងការប្រកួត អន្ដរជាតិនានា ។

ឯ ឧ ស សុខា ស្នើអោយសហព័ន្ធកីឡាជាតិទាំងអស់ពិនិត្យឡើងវិញពីតួនាទីគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសរើសជាតិអោយបានត្រឹមត្រូវតាមលក្ខខណ្ឌ របស់ក្រសួងអប់រំ ក្នុងការប្រមូលផ្តុំឆ្នាំនេះ ពីព្រោះកន្លងមកមន្រ្តីសហព័ន្ធកីឡាជាតិមួយចំនួន មានតួនាទីច្រើន ដូចជាគ្រូជាអនុប្រធាន គ្រូជាអគ្គលេខាធិការ គ្រូជាអគ្គលេខាធិការរង និងគ្រូខ្លះមិនដឹងមកពីណាចេញមកធ្វើជាគ្រូតែម្តង ដោយគ្មានការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើអោយមានការរាំងស្ទះដំណើរការអភិវឌ្ឍវិស័យកីឡា ។

ដូច្នេះហើយ ឯ ឧ រដ្ឋលេខាធិការ ស្នើរអោយសហព័ន្ធបញ្ឈប់មន្រ្តីដែលមានតួនាទីច្រើន និងធ្វើការវះកាត់ ដើម្បីជំរុញឲ្យសហព័ន្ធមានលទ្ធភាពពង្រឹងសមត្ថភាពអត្តពលិក ចៅក្រម អាជ្ញាកណ្តាល មន្រ្តីសហព័ន្ធដោយតម្លាភាព និងត្រឹមត្រូវ បើគ្រូបង្វឹកគឺគ្រូ មិនមែនគ្រូផង អគ្គលេខាធិការផង អគ្គលេខាធិការរងផង ឬក៏ជាអនុប្រធាននោះទេ តើបើជាកីឡាករ កីឡាការិនីគឺត្រូវឆ្លងកាត់ការប្រកួតថ្នាក់ជាតិ និងគោរពវិន័យ វេលាហ្វឹកហាត់អោយបានត្រឹមត្រូវ ដើម្បីត្រៀមចូលរួមការប្រកួតនានា ទាំងឆាកជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យជូនជាតិ  ។

ឯ ឧ ស សុខា បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា គឺជាដៃរបស់សហព័ន្ធកីឡាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ។ ទាក់ទងនឹងការបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេស  ឯ ឧ ស សុខា ក៏បានសំណូមពរដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការជ្រើសរើសផ្តោតសំខាន់លើកីឡាករ កីឡាការិនីថ្នាល ឬក្រុមជម្រើសរើសជាតិដែលយើងមានស្រាប់ ដោយក្នុងនោះក្រសួងអប់រំ ជួយឧបត្ថម្ភថ្លៃហូបចុក ស្នាក់នៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner