ប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកក្បែរភ្លឺស្រែមួយកន្លែង ដែលគេសង្ស័យថាជាអំពើឃាតកម្ម
ខេត្តពោធិ៍សាត់៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងភូមិ ខណៈដែលគេប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់មុខក្នុងទឹកក្បែរភ្លឺស្រែ ដែលគេសង្ស័យថាជាអំពលឃាតកម្ម ។
ករណីប្រទះឃើញសពខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៦ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកក្បែភ្លឺស្រែមួយកន្លែងដែល ស្ថិតនៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកតាលោសែនជ័យបានអោយដឹងថា ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ.ឃុំ ស្រុកកើតហេតុ ខាងលើ។
ប្រភពខាងលើដដែលបានបន្តអោយដឹងទៀតថា សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបានបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ច ដើម្បីសហការចុះពិនិត្យសាកសព និងធ្វើការស្រាវជ្រាវបន្ទាន់ផងដែរ។
សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានជំហានដំបូងរបស់សពជនរងគ្រោះពុំមានស្លាកស្នាមពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ ។
ប្រភពដដែលបន្តទៀតថា សពអាចស្លាប់បណ្ដាលមកពីងងឹតមុខដួលចូលទឹក ទើបលង់ស្លាប់បែបនេះ សមត្ថកិច្ចធ្វើកំណត់ត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ សុក្ខារិន



